(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ទេសរដ្ឋមន្រ្តី លី ធុជ បានជួបសំណេះសំណាលជាមួយសមាគមគ្រូពេទ្យខ្មែប្រទេសបារាំង ដែលដឹកនាំដោយលោក វេជ្ជបណ្ឌិត គីម សុង នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ទេសរដ្ឋមន្រ្តី លី ធុជ បានជម្រាបជូនលោកវេជ្ជបណ្ឌិត គីម សុង ប្រធានសមាគមគ្រូពេទ្យខ្មែរ អេសអូអេស និងសមាជិកសមាជិកាថា កម្ពុជាក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្វើកម្ពុជា មានការរីកចម្រើនលើគ្រប់វិស័យ យ៉ាងឆាប់រហ័ស និងមានស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។

ជាងនេះទៅទៀត ទេសរដ្ឋមន្រ្តី ក៏បានជម្រាបជូនអង្គប្រជុំផងដែរថា សម្តេចតេជោនាយករដ្ឋមន្រ្តី បានកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ហើយរាជរដ្ឋាភិបាលបានកំពុងខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ទ មន្ទីរពេទ្យ សាលារៀន ប្រព័ន្ធធារាសាស្រ្ត ។ល។

ជាមួយគ្នានោះ លោកវេជបណ្ឌិត គីម សុង បានកោតសរសើរចំពោះ ស្ថេរភាពនយោបាយ ស្ថេរភាពសេដ្ឋកិច្ច និងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី ហើយលោកវេជ្ជបណ្ឌិត មានសេចក្តីសប្បាយរីករាយបំផុត នឹងបន្តខិតខំកៀគរធនធានបន្ថែមទៀត ដើម្បីគាំទ្រនិងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងវិស័យសុខាភិបាល។

ជាចុងបញ្ចប់ ទេសរដ្ឋមន្រ្តី លី ធុជ ក្នុងនាមសម្តេចតេជោនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះលោកវេជ្ជបណ្ឌិត គីម សុង និងសមាជិក សមាជិកា របស់សមាគមន៍គ្រូពេទ្យខ្មែរបារាំងទាំងអស់ ដែលបានចំណាយអស់កំលាំងកាយ កំលាំងចិត្ត និងថវិកាផ្ទាល់ខ្លួន ដើម្បីចុះជួយពិនិត្យ និងព្យាបាលជម្ងឺជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រតាមជនបទ ដើម្បីជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលកម្ពុជា៕