Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោកឧកញ៉ា ហ៊ុន តូ ផ្ដល់អំណោយ២០០០ដុល្លារ តាមរយៈអភិបាលខេត្តកំពង់ចាម ឲ្យសិស្សក្រីក្រដែលប្រឡងបាក់ឌុប ២នាក់ នៅស្រុកស្ទឹងត្រង់

21-08-2019 17:41

(កំពង់ចាម)៖ ក្រោយពេលទទួលព័ត៌មានតាមរយៈប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម លោកឧកញ៉ា ហ៊ុន តូ បានផ្ដល់អំណោយជាថវិកាចំនួន២០០០ដុល្លារ តាមរយៈលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ឧបត្ថម្ភជូនសិស្សក្រីក្រពីរនាក់ រៀននៅវិទ្យាល័យមេសរជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ហើយថវិកានោះ ត្រូវបាននាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស យកទៅប្រគល់ជូនសិស្សក្រីក្រ ទាំងពីរនាក់នោះដល់គេហដ្ឋាននារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩។

សូមរំលឹកថា សិស្សក្រីក្រទាំង២នាក់នេះ ទី១៖ ឈ្មោះ យេត សុខខេន រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្ទឹងត្រង់ និងទី២៖ ឈ្មោះ វេត ស្រីអ៊ាង រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្រុកស្ទឹងត្រង់។ ហើយសិស្សទាំង២នាក់ បាន ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងបឋមសិក្សាឧត្តរ ក្រុងកំពង់ចាម។

នៅថ្ងៃប្រឡងបេក្ខជនទាំងពីរនាក់ ត្រូវបានផ្សព្វផ្សាយក្នុងបណ្ដាញសង្គមថា មានជីវភាពក្រីក្រលំបាក ហើយម្ដាយកំពុងមានជំងឺ ដើម្បីត្រៀមវះកាត់ទៀតផង។ ទន្ទឹមនឹងនោះ ក៏មានសប្បុរសជនបានផ្ដល់ជូននូវថវិកា សម្រាប់ដោះស្រាយការហូបចុកក្នុងការប្រឡងនោះផងដែរ។

ស្ថិតក្នុងឱកាសនោះដែរប្អូនៗ ដែលជាសិស្សក្រីក្រ បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ជាពិសេសលោកឧកញ៉ា ហ៊ុន តូ ដែលបានជួយលើកទឹកចិត្ត និងឧបត្ថម្ភ ជាថវិកា សម្រាប់ទិញអាហារហូបចុក ក្នុងពេលដែលពួកគេកំពុងតែប្រលងបាក់ឌុប៕