(សៀមរាប)៖ ដើម្បីបង្កើនប្រសិទ្ធិភាពការរឹតបន្តឹងច្បាប់ចរារណ៍ លើការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង និងកិច្ចជួយសង្គ្រោះជនរងគ្រោះ ស្នងការដ្ឋាននគរបាលសៀមរាប បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាលបំប៉នបច្ចេកទេសដល់មន្រ្តីនគរបាល រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩។
ក្នុងពិធីបើកវគ្គមានវត្តមានរបស់ ឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប, លោកវរសេនីយ៍ឯក ថី វិសាល ប្រធានការិយាល័យនគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ, លោក កែវ ម៉ានិត តំណាងរបស់អង្គការ CaMSafe និងអ្នកនាង អូលីវ្យែរ វាយឌែន តំណាងរបស់ APIWSA ព្រមទាំងមន្ត្រីជាច្រើនរូបទៀត។ វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអង្គការខេមសេហ្វ (CaMSafe) ក្រោមជំនួយបច្ចេកទេស និងថវិកាពីស្ថាប័ន APIWSA និងសមាជិកដៃគូស្ថាប័ន។
នគរបាលចរាចរណ៍ក្នុងខេត្តសៀមរាប ចំនួន៥០រូប បានចូលរួមវគ្គបណ្តុះបណ្តាលនេះ។ ក្រៅពីនោះ ក៏មានការចូលរួមចែករំលែក បទពិសោធន៍ពីសំណាក់អ្នកជំនាញ ផ្នែកសុវត្ថិភាពចរាចរណ៍ និងបណ្តុះបណ្តាល ដែលមានបទពិសោធន៍លើឆាកជាតិ និងអន្តរជាតិជាច្រើនឆ្នាំផងដែរ។
ថ្លែងក្នុងពិធីនោះ លោក ទិត្យ ណារ៉ុង បានអរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ រវាងដៃគូពាក់ព័ន្ធ ក្នុងការការពារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជាពិសេសអគ្គស្នងការនគរបាលជាតិ ដែលបានរៀបចំវគ្គបណ្តុះបណ្តាលក្នុងពេលនេះ ស្របតាមតម្រូវការជាក់ស្តែង និងភាពចាំបាច់របស់ខេត្ត។
វគ្គបណ្តុះបណ្តាលរយៈពេល ២ថ្ងៃនេះ មានគោលបំណង៖
១៖ បង្កើនចំណេះដឹងអំពីទិដ្ឋភាពទូទៅ នៃស្ថានភាពចរាចរណ៍ផ្លូវគោក និងឥរិយាបទហានិភ័យ និងផលប៉ះពាល់នៃការបើកបរ ក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
២៖ បង្កើនចំណេះដឹងអំពីការធ្វើផែនការប្រតិបត្តិការ និងវិធានការដោះស្រាយរាល់បញ្ហាប្រឈម លើកការរឹតបន្តឹងចំពោះការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។
៣៖ ពង្រឹងសមត្ថភាពជំនាញដាក់គោលដៅរឹតបន្តឹង និងប្រើប្រាស់ម៉ាស៉ីនវាស់ជាតិអាល់កុល ប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។
៤៖ បង្កើនសមត្ថភាពដោះស្រាយ គ្រប់គ្រង និងធានាសុវត្ថិភាពគោលដៅរឹតបន្តឹងច្បាប់ ក៏ដូចជាការអង្កេតកត់ត្រា ប្រមូលភស្តុតាង និងធ្វើរបាយការណ៍។
៥៖ ផ្តល់ឲ្យនគរបាលចរាចរណ៍ទទួលបាននូវចំណេះដឹង ជំនាញនិងសម្ភារជួយសង្គ្រោះ ដល់ជនរងគ្រោះនៅនឹងកន្លែងកើតហេតុ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
៦៖ បង្កើនសមត្ថភាពជំនាញដើម្បីបណ្តុះបណ្តាលបន្ត រួមជាមួយនឹងសមត្ថភាពអប់រំ ផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវ ឲ្យយល់ដឹងអំពីផលប៉ះពាល់ នៃការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។
សូមបញ្ជាក់ថា អង្គការ CaMSafe ក្រោមកិច្ចគាំទ្រពីស្ថាប័ន APIWSA នឹងបន្តសហការជាមួយអគ្គស្នងការនគរបាលជាតិ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាល ដូចគ្នា នៅខេត្តព្រះសីហនុ បូករួមទាំងយុទ្ធនាការអប់រំផ្សព្វផ្សាយនានា នាពេលខាងមុខនេះផងដែរ។
លោក ថី វិសាល បានប្រាប់ឲ្យដឹងថា យោងតាមរបាយការណ៍នៅឆ្នាំ២០១៨ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅលើផ្លូវជាតិ ចំនួន៣២៧៦ លើ៣៥៣១ករណីសរុប បើធៀបនឹងឆ្នាំ២០១៧។ ដោយឡែក ក្នុងរយៈពេល៦ខែដំបូង នៃឆ្នាំ២០១៩នេះ គ្រោះថ្នាក់ចរាចរណ៍កើតឡើង ២១៧១ករណី បណ្តាលឲ្យមានអ្នកស្លាប់ ចំនួន១០៣៣នាក់ និងរបួសចំនួន៣២២៤ននាក់។
ជាមធ្យមមានមនុស្សស្លាប់ចំនួន៦នាក់ និងរបួសចំនួន១៨នាក់ ក្នុងមួយថ្ងៃ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ គឺនៅតែបណ្តាលមកពី ការបើកបរលើសល្បឿនកំណត់ ៣៧% ការមិនគោរពសិទ្ធិអទិភាព ២៤% ការមិនប្រកាន់ស្តាំ ១២% ការវ៉ាជែង ៩% ការបត់ដោយធ្វេសប្រហែស ៨% ស្រវឹង ៦% កត្តាយានយន្ត ៣% និងការបើកបរស្ថិតក្នុងស្ថានភាពងងុយ ១%។ បើប្រៀបធៀប នឹងត្រីមាសទី១ នៃឆ្នាំ២០១៨ មនុស្សស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវកើនឡើងចំនួន ១០៣នាក់ ស្មើនឹង១១% និងចំនួនអ្នករបួសកើនឡើងចំនួន ៨២៥នាក់ ស្មើនឹង៣៤%។
លោក កែវ ម៉ានិត ក៏បានលើកឡើងថា តាមការព្យាករណ៍ ប្រសិនបើគ្មានវិធានការទប់ស្កាត់ និងយន្តការណ៍កាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ជាក់លាក់ទេនោះ ចំនួនអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ នៅកម្ពុជានឹងអាចកើនឡើងរហូតដល់ ៣២០០នាក់ នៅឆ្នាំ២០២០។ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ កិច្ចសហការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក៏ដូចជាសកម្មភាពអាទិភាពនានា ត្រូវបានអនុវត្តន៍បូករួមទាំងការពង្រឹង សមត្ថភាពជំនាញ ដល់មន្ត្រីនគរបាលចរាចរណ៍ ក្នុងការជួយសង្គ្រោះជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ ជាមួយនឹងការផ្តល់ជូនសម្ភារឧបករណ៍សំខាន់ៗ គឺជាការប្តេជ្ញាចូលរួមចំណែក ស្របតាមផែនការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០១១-២០២០ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាផែនការទស្សវត្សរ៍ អង្គការសហប្រជាតិ ដើម្បីសំដៅកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសធ្ងន់ធ្ងរឲ្យបាន៥០%៕