(ភ្នំពេញ)៖ លោក George Edgar ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានលើកឡើងថា សហភាពអឺរ៉ុបចង់ឃើញប្រជាជនកម្ពុជា ទទួលបានប្រយោជន៍ដោយស្មើភាពគ្នា និងចីរភាពពីធនធានដ៏អស្ចារ្យ នៃបឹងទន្លេសាប និងសមុទ្រ។

ការលើកឡើងបែបនេះ ក្នុងឱកាសដែលលោក George Edgar អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបិទ «កម្មវិធីវិស័យជលផល និងផលិតកម្មបសុសត្វ ឆ្នាំ២០១៣-ឆ្នាំ២០១៨» និងពិធីប្រកាសដាក់ឲ្យអនុវត្ត «កម្មវិធីអភិវឌ្ឍន៍វិស័យជលផល ឆ្នាំ២០១៩-ឆ្នាំ២០២៣»។ កម្មវិធីទាំងពីរ ត្រូវបានផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងពីសហភាពអឺរ៉ុប។

ក្នុងពិធីនោះ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ប្រចាំកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា «សហភាពអឺរ៉ុប ចង់ឃើញប្រជាជនកម្ពុជា ទទួលបានប្រយោជន៍ដោយស្មើភាពគ្នា និងចីរភាពពីធនធានដ៏អស្ចារ្យ នៃបឹងទន្លេសាប និងសមុទ្រ ដែលសព្វថ្ងៃនេះ កំពុងមានហានិភ័យក្នុងការបាត់បង់»។

លោកបន្ដទៀតថា ក្នុងនាមជាដៃគូអភិវឌ្ឍន៍រយៈពេលវែងរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុបមានសេចក្តីរីករាយយ៉ាងខ្លាំង ដែលឃើញជំនួយរបស់សហភាពអឺរ៉ុប បានចូលរួមចំណែកដល់វឌ្ឍនភាព នៃវិស័យជលផល និងផលិតកម្មបសុសត្វ នៅប្រទេសកម្ពុជា ដោយវាបានផ្តល់ប្រយោជន៍ ដល់កសិករខ្នាតតូចជាច្រើននាក់ នៅទូទាំងប្រទេសកម្ពុជា។

ជាមួយគ្នានោះ លោក George Edgar ក៏រីករាយផងដែរ ដែលបញ្ហាប្រឈម និងបទពិសោធន៍នានា ដែលទទួលបានពីកម្មវិធី ដែលបានបញ្ចប់នេះ និងផ្តល់ជាអនុសាសន៍ដ៏សំខាន់ ដើម្បីអនុវត្តកម្មវិធីអភិឌ្ឍន៍ វិស័យជលផលថ្មីខាងមុខនេះ។

លោក George Edgar បានគូសបញ្ជាក់ទៀតថា សហភាពអឺរ៉ុបជឿជាក់ថា ជំនួយថវិកាបន្ថែម លើវិស័យជលផលនេះ នឹងជួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដៃគូអភិឌ្ឍន៍ និងភាគីពាក់ព័ន្ធ រួមមាន សហគមន៍នេសាទ ក្នុងប្រទេសកម្ពុជា ដើម្បីអាចគ្រប់គ្រង ធនធានជលផលទឹកសាប និងសមុទ្ររបស់ប្រទេសកម្ពុជា កាន់តែមានប្រសិទ្ធផល ដែលជាប្រយោជន៍ដល់ប្រជាជនកម្ពុជាទាំងមូល និងអ្នកជំនាន់ក្រោយ។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្ម សូមវាយតម្លៃខ្ពស់លើកិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុប ក្នុងការផ្តល់ថវិកាជំនួយឥតសំណង ដល់វិស័យជលផល និងផលិតកម្មបសុសត្វ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច ដល់ប្រជាជនកម្ពុជា។

លោករដ្ឋមន្ដ្រីបានបន្ថែមថា ការបន្តកិច្ចសហការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនឹងសហភាពអឺរ៉ុប ក្រោមកម្មវិធីជលផលថ្មី ក្នុងរយៈពេលប្រាំឆ្នាំខាងមុខនេះ នឹងផ្តល់សមិទ្ធផលរយៈពេលខ្លី និងរយៈពេលវែងកាន់តែល្អប្រសើរ ដល់ប្រជាសិករ វិស័យឯកជន និងអ្នកប្រើប្រាស់ផលិតផលជលផល ។

«រាជរដ្ឋាភិបាលកម្ពុជា ទទួលស្គាល់តួនាទីវិស័យជលផល បានចូលរួមចំណែកដល់ការអភិវឌ្ឍជាតិនៅប្រទេសកម្ពុជា ហើយវិស័យនេះ បានជួយធានាឲប្រជាជនកម្ពុជា មានជីវភាពកាន់តែល្អប្រសើរ និងអាចទទួលទាន នូវធនធានពីទឹកសាប និងសមុទ្ររបស់យើង គឺមានដូចជាត្រី មឹក បង្គា បង្កង និងក្តាម ប្រកបដោយឳជារសដ៏ពិសេសនិងមិនអាចបំភ្លេចបាន»។ នេះជាការបញ្ជាក់បន្ថែម របស់លោករដ្ឋមន្ដ្រីកសិកម្ម។

សូមជម្រាបថា គម្រោងចំនួន២ ដែលអឺរ៉ុបបាន និងកំពុងជួយដល់វិស័យជលផលកម្ពុជារួមមាន៖

ទី១៖ ការជំរុញកំណើនវិស័យវារីវប្បកម្មប្រកបដោយចីរភាព និងបរិយាប័ន្ននៃវារីវប្បកម្ម (CAPFISH-Aquaculture)» ដែលបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយសហគមន៍អឺរ៉ុប (EU) និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សម្រាប់៦ឆ្នាំ (២០១៨-២០ ២៣) ថវិកា២៥លានអឺរ៉ូ។

ទី២៖ ការជំរុញកំណើនវិស័យជលផលប្រកប ដោយចីរភាព និងបរិយាប័ន្ន៖ សមាសភាគការនេសាទ (CAPFISH-Capture) ជាកម្មវិធីផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ EU ថវិកា៨៧លានអឺរ៉ូ និងបានចុះកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលជាមួយ EU នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ សម្រាប់៥ឆ្នាំ (២០១៩-២០២៣)។

សរុបថវិកាហិរញ្ញប្បទាន ដែលជាជំនួយឥតសំណងរបស់ EU សរុប១១២លានអឺរ៉ូ សម្រាប់ ៦ឆ្នាំ (២០១៨ -២០២៣) ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល សម្រេចឲ្យបាននូវការអភិវឌ្ឍប្រកប ដោយនិរន្តរភាព ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ និងបរិយាប័ន្ននៃធនធានជលផលទឹកសាប និងសមុទ្រ លើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ និងទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ៕