(កំពត)៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត ដឹកនាំដោយលោកស្រី លាង ហៃ ជាវ តាយ អនុប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនស្រ្តីសម្រាលកូនភ្លោះ៣នាក់ ឈ្មោះ ទូច ធឿន អាយុ៣០ឆ្នាំ និងប្តីឈ្មោះ កឹម នាង អាយុ៣៥ឆ្នាំ រស់នៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។
នាឱកាសនោះលោកស្រី បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋជួបការលំបាក ទីទ័លក្រ មានជំងឺ ជនងាយរងគ្រោះ ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ។
បន្ថែមពីនេះ លោកស្រី លាង ហៃ ជាវ តាយ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ប្រកាន់យកនូវអនាម័យល្អ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងយកកូនទៅចាក់ថ្នាំបង្ការឲ្យបានគ្រប់ចំនួនដង តាមការណាត់ជួបរបស់គ្រូពេទ្យ។
អំណោយផ្តល់ជូនរួមមាន អង្ករ២៥គីឡូក្រាម មី១កេស ស្ករស១គីឡូក្រាម ទឹកដោះគោឆៅ១ឡូ ឃីតទារក៣ឈុត និងថវិកា៤០០,០០០រៀល។ ដោយឡែក លោកស្រី បានឧបត្ថម្ភថវិកាដល់អ្នកជំងឺ ចំនួន៦នាក់ ក្នុងម្នាក់៥០,០០០រៀលផងដែរ៕