(កំពត)៖ អភិបាលខេត្តកំពត លោក ជាវ តាយ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានជួបជាមួយប្រជាពលរដ្ឋ ៩២នាក់ តំណាងប្រជាពលរដ្ឋ ១៨៦គ្រួសារ ដែលមកតវ៉ាបញ្ហាដីនៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក។

ក្នុងជំនួបនោះ ប្រជាពលរដ្ឋបានស្នើដល់លោកអភិបាលខេត្ត ពន្លឿនការវាស់វែងដីជូនពួកគាត់ ឲ្យបានឆាប់រហ័ស និងប្រគល់ត្រាក់ទ័រ ដែលរដ្ឋបាលព្រៃឈើបានចាប់ឃាត់ ឲ្យប្រជាពលរដ្ឋវិញ។ លើសពីនេះ ពលរដ្ឋស្នើសុំធ្វើការដាំដំណាំលើដី ដែលខ្លួនមានកំពុងកាន់កាប់ ប៉ុន្ដែត្រូវមានកម្លាំងការពារសុវត្ថិភាពពួកគាត់។

ជាការឆ្លើយតប លោកអភិបាលខេត្តសន្យាថា នឹងរៀបចំក្រុមការងារថ្មីចុះវាស់វែងដីដែលនៅសល់ ដឹកនាំដោយលោក ប៉ឹល កុសល ហើយលោកនឹងស្នើឲ្យរដ្ឋបាលព្រៃឈើ ប្រគល់គ្រឿងចក្រជូនបងប្អូន ប្រជាពលរដ្ឋវិញ។

ជាមួយគ្នានេះ លោក ជាវ តាយ បានប្រាប់ទៅប្រជាពលរដ្ឋ ត្រូវតែជឿជាក់លើរដ្ឋបាលខេត្ត ព្រោះខេត្តនឹងចុះពិនិត្យជាក់ស្តែង ឲ្យតែប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ហើយអ្វីដែលបំពានច្បាប់សូមពលរដ្ឋកុំធ្វើ ពោលត្រូវចូលរួមគោរពច្បាប់ទាំងអស់គ្នា ដើម្បីទទួលបានជោគជ័យ៕