(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំជាមួយ អ្នកវិនិយោគិនចិន សាងសង់ផ្លូវជាតិលេខ៣ ដើម្បីពន្លឿនការសាងផ្លូវ ចាប់ពីក្រុងកំពត ទៅដល់ចំណុចរូបសំណាក លោកយាយម៉ៅ។

កិច្ចប្រជុំនេះ អ្នកវិនិយោគិនចិន បានឯកភាពសន្យា ដាក់ផ្លាកសញ្ញាចរាចរណ៍ ៤០km/h, ទទួលខុសត្រូវលើការកៀរផ្លូវឲ្យស្មើ និងស្រោចទឹក ហើយក្រុមហ៊ុននឹងចាប់ផ្តើមដាក់គ្រឿងចក្រ ទាំងអស់មកធ្វើនៅថ្ងៃទី១៥ ខែកញ្ញា។

លើសពីនេះ ក្រុមហ៊ុនសន្យាថា នៅចន្លោះដើមខែតុលា បើមិនមានភ្លៀងទេ ក្រុមហ៊ុននឹងក្រាលថ្មមិច កម្រាស់៣តឹក និងក្រាលកៅស៊ូកុំឲ្យហុយ ហើយនៅដើមខែមករា ឆ្នាំ២០២០ ក្រុមហ៊ុននឹងអ៊ុតកៅស៊ូ ១ជាន់ កម្រាស់៤ហ៊ុន ជាជំហានទី១ រួចបន្តសកម្មភាព ធ្វើយ៉ាងណាឲ្យកំណាត់ផ្លូវ ចាប់ពីក្រុងកំពត ទៅដល់ចំណុចរូបសំណាកលោកយាយម៉ៅ បានប្រសើរមុនគេ៕