(កំពង់ស្ពឺ)៖ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានចុះជួបជាមួយសាស្រ្តាចារ្យ បុគ្គលិកសិក្សា និងសិស្ស-និស្សិត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ ដើម្បីជំរុញការអនុវត្តគោលនយោបាយ ស្តីពីការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្នាំ២០១៧-២០២៥ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនាពេលកន្លងមក។
សកម្មភាពនេះ ក៏ដើម្បីពង្រឹងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ផងដែរ ដោយនាឱកាសនោះ។
ទន្ទឹមនឹងតម្រូវការការងារ លោកសង្កេតឃើញថា តម្រូវការធនធានមនុស្សផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនេះ កាន់តែខ្ពស់ឡើងៗជារៀងរាល់ឆ្នាំ។ ដូច្នេះហើយបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខិតខំពង្រាយគ្រឹះស្ថានបណ្ដុះបណ្ដាល នៅតាមរាជធានី-ខេត្ត ដោយនាពេលបច្ចុប្បន្នកើនឡើងដល់ ៣៨គ្រឹះស្ថាន និងស្ថាប័នដៃគូជាង ១០០គ្រឹះស្ថាន ដែលអនុវត្តផ្នែកបណ្តុះបណ្តាលនេះទាំងអង្គការ និងផ្នែកឯកជន ប៉ុន្តែគម្លាត និងកង្វះនៃធនធានមនុស្សក្នុងវិស័យ TVET នៅតែមិនអាចឆ្លើយតបបានទៅនឹងតម្រូវការទីផ្សារ កម្លាំងពលកម្មរបស់កម្ពុជានៅឡើយ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា កង្វះធនធានមនុស្សក្នុងវិស័យ TVET ជាបញ្ហាប្រឈមនៃការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា ដែលត្រូវតែខិតខំដោះស្រាយឱ្យទាន់តម្រូវការ។ តាមរយៈយុទ្ធសាសស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល ក្រសួងការងារបានយកមករៀបចំជាយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ឆ្នាំ២០១៩-២០២៣ ត្រង់ចំណុចអាទិភាពទី២ ការអភិវឌ្ឍវិស័យធនធានមនុស្សក្នុងវិស័យ TVET ឆ្នាំនេះ កម្ពុជាបានប្តូរមកជាផ្នែកទំនើបកម្មបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។
លោកបានលើកឡើងពីគោលបំណងចង់ឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺនេះ អាចនាំមុខផ្នែកបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទាំងគុណភាព ប្រសិទ្ធភាព ប្រព័ន្ធគ្រប់គ្រង ព្រមទាំងសមត្ថភាពគ្រូ និងគុណភាពរបស់សិស្ស។ នេះចាត់ទុកថាជាការបើកយុទ្ធនាការក្នុងវិស័យ TVET នៅក្នុងអាណត្តិថ្មីទី៦នេះ ឱ្យក្លាយជាវិស័យមួយដែលលិចធ្លោរឡើង។
សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីនឹងបន្តចុះទាំងនៅក្នុងគ្រឹះស្ថានក្រោមឱវាទក្រសួង និងគ្រឹះស្ថានឯកជន ក៏ដូចជាអង្គការនានា ដើម្បីជំរុញគាំទ្របន្ថែមទៀត ឱ្យគ្រឹះស្ថានទាំងឡាយបំពេញនូវភារកិច្ចរបស់ខ្លួនបានជោគជ័យ ហើយយនេះជាលើកទី២ហើយ ដែលលោករដ្ឋមន្ត្រីចុះសំណេះសំណាលជាមួយគ្រូ និងសិស្ស-និស្សិត នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ៕