(ភ្នំពេញ)៖ ក្រោមកិច្ចសហការរវាងក្រសួងទេសចរណ៍ និងអង្គការទេសចរណ៍ពិភពលោក (UNWTO) សន្និសីទអន្តរជាតិលើកទី១ ស្ដីពីទេសចរណ៍ម្ហូបអាហារកម្ពុជា ត្រូវបានរៀបចំឡើងនាថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ក្រោមប្រធានបទ «លើកកម្ពស់គុណតម្លៃប្រពៃណី និងបេតិកភណ្ឌ ដើម្បីការអភិវឌ្ឍទេសចរណ៍ ប្រកបដោយចីរភាព»។
ទេសចរណ៍ម្ហូបអាហារ សំដៅលើការធ្វើដំណើររបស់ទេសចរទៅតំបន់ណាមួយ គឺដើម្បីភ្លក្សរសជាតិម្ហូបអាហារ នៅតំបន់គោលដៅនោះ។
ពិធីបើកសន្និសីទអន្តរជាតិនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាពលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយលោក Xu Jing នាយកប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការទេសចរណ៍ពិភពលោក (UNWTO) នៅសណ្ឋាគារសុខាភ្នំពេញ។
វាត្រូវបានធ្វើឡើងក្នុងគោលបំណង ដើម្បីចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែង របស់អង្គការទេសចរណ៍ពិភពលោក និងគំនិតផ្តួចផ្តើមរបស់អាស៊ាន ជាពិសេសដើម្បីលើកកម្ពស់គុណតម្លៃនៃម្ហូបអាហារកម្ពុជា ជាផលិតផលទេសចរណ៍ដ៏ទាក់ទាញនៅកម្ពុជា ក៏ដូចជាចូលរួមលើកតម្កើងប្រពៃណី វប្បធម៌ និងបេតិកភណ្ឌជាតិ តាមរយៈទេសចរណ៍ម្ហូបអាហារផងដែរ។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា «ម្ហូបអាហារ បានចូលរួមដល់ការបង្កើតភាពចងចាំដល់ទេសចរ អំពីគោលដៅដែលបានទស្សនា និងជាទូតនាំសារអំពីវប្បធម៌ អត្តសញ្ញាណ ការរស់នៅរបស់ប្រជាជន ក្នុងតំបន់ប្រាប់ទៅភ្ញៀវទេសចរ»។
លោកបានណែនាំដល់មន្ត្រី និងភាគីពាក់ព័ន្ធ ត្រូវរួមគ្នាកែច្នៃ ចងក្រងខ្លឹមសារ បកស្រាយបង្ហាញអំពីម្ហូបអាហារ ដែលជាសម្បត្តិវប្បធម៌ បេតិកភណ្ឌទាំងនេះ នឹងចូលរួមលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងតំបន់នោះ តាមរយៈការមកដល់នៃទេសចរជាតិ-អន្តរជាតិ។
លោករដ្ឋមន្ត្រីបានបន្ថែមថា វិស័យទេសចរណ៍បែបនេះ នឹងចូលរួមទាក់ទាញទេសចរជាតិ ឲ្យមកទស្សនាតំបន់គោលដៅម្ហូបអាហារទាំងនោះ ហើយក៏ដូចជាចូលរួមទាក់ទាញទេសចរ ពីតំបន់ប្រមូលផ្ដុំ មកទស្សនាគោលដៅទេសចរណ៍ម្ហូបអាហារផងដែរ។
ទេសចរណ៍ម្ហូបអាហារ មិនត្រឹមតែចូលរួមទាក់ទាញទេសចរជាតិ-អន្តរជាតិ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋ និងលើកតម្កើងប្រពៃណី បេតិកភណ្ឌជាតិប៉ុណ្ណោះទេ ថែមទាំងចូលរួមបង្កើតការងារបន្ថែម ជំរុញសហគ្រិនភាព ការបង្កើតថ្មី និងភាពច្នៃប្រឌិតផងដែរ។
ច្បាស់ណាស់ថា វិជ្ជាជីវៈផ្នែកម្ហូបអាហារ ទាមទារទាំងឆន្ទៈ ចំណេះដឹង ជំនាញ ឥរិយាបថខ្ពស់ សិល្បៈ និងគំនិតច្នៃប្រឌិត ដែលមិនអាចខ្វះបាន។ ការអភិវឌ្ឍវិស័យទេសចរណ៍ម្ហូបអាហារ ពិតជានាំមកនូវការរីកចម្រើនផ្នែកអាជីព ក្នុងវិស័យទេសចរណ៍ ជាពិសេសចូលរួមទប់ស្កាត់ចំណាកស្រុក និងបង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ។
នាឱកាសនោះ លោក Xu Jing បានឱ្យដឹងដែរថា តាមការសិក្សារបស់អង្គការទេសចរណ៍ពិភពលោក ទេសចរវប្បធម៌ ដែលរួមមានម្ហូបអាហារដែរនោះ គឺមានប្រមាណ៤០% នៃទេសចរសរុប មានន័យថា ម្ហូបអាហារ ជាកត្តានេះការសម្រេចចិត្តជ្រើសរើស គោលដៅទស្សនា៕