(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានឲ្យដឹងថា សន្លឹកកិច្ចការរបស់បេក្ខជនប្រឡងបាក់ឌុប នៅតាមបណ្ដាខេត្ត នឹងត្រូវដឹកមកដល់រាជធានីភ្នំពេញទាំងអស់នៅល្ងាចនេះ ជាកំណត់ ដើម្បីរៀបចំទុកដាក់ ត្រៀមធ្វើកំណែនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ លោក រស់ សុវាចា បានគូសបញ្ជាក់ថា សម្រាប់ខេត្តដែលនៅជិតរាជធានីភ្នំពេញ សន្លឹកកិច្ចរបស់បេក្ខជនត្រូវបានដឹកមកដល់ហើយ ដោយឡែកខេត្តនៅឆ្ងាយ នឹងដឹកមកដល់តាមផែនការ គឺនៅល្ងាចនេះ។
អ្នកនាំពាក្យក្រសួងអប់រំ បានឲ្យដឹងយ៉ាងដូច្នេះថា «ពេលវេលានៃការដឹកសន្លឹកកិច្ចការរបស់បេក្ខជនមកដល់ គឺអាស្រ័យទៅលើខេត្តជិត ឬខេត្តឆ្ងាយ ហើយខេត្តដែលជិតៗមកដល់ហើយ លើកលែងតែខេត្តឆ្ងាយៗ គឺនឹងមកដល់ល្ងាចនេះ។ ជារួមទាំង២៥រាជធានី-ខេត្ត នឹងមកដល់គោលដៅរាជធានីភ្នំពេញ តាមការគ្រោងទុក ដែលនឹងមកដល់ទាំងអស់នៅត្រឹមល្ងាចនេះ»។
បើតាមលោក រស់ សុវាចា សម្រាប់ការធ្វើកំណែ នឹងចាប់ផ្ដើមនៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ខាងមុខនេះ ហើយការប្រកាសលទ្ធផល នឹងត្រូវប្រកាសជាសាធារណៈ ដូចអ្វីដែលគ្រោងទុក គឺនៅថ្ងៃទី១០ ខែកញ្ញា (សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល)។ ដោយឡែក តាមបណ្ដាខេត្តផ្សេងៗ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។
អ្នកនាំពាក្យរូបនេះ បានបន្ថែមទៀតថា សម្រាប់ការប្រកាសលទ្ធផលនេះ នឹងត្រូវបិទផ្សាយនៅតាមមណ្ឌលប្រឡង និងតាមទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។
សូមរំលឹកថា ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន១,៨៣៨នាក់ ស្រី៦៩៦នាក់ ត្រូវជា១.៥៧ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្រ្តសង្គម។ ថ្នាក់វិទ្យាសាស្ត្រមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំ កើតឡើងគួរឲ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។
មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ប្រមាណ២ម៉ឺននាក់ និងគរុសិស្ស-និស្សិត ជាជំនួយការអប្បមាទជិត ២,៥០០នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្តីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី អង្គភាពប្រឆាំងអំពើពុករលួយ យុវជនស្ម័គ្រចិត្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា ជាង២,០០០នាក់ កងកម្លាំងមានសមត្ថកិច្ច ទាំងបីប្រភេទ និងប្រជាការពារប្រមាណ១០,០០០នាក់ មន្រ្តីសុខាភិបាលប្រចាំមណ្ឌលប្រឡងនិងមូលដ្ឋានសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងឡាយ៕