(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវ នីតិសម្បទា បានលើកឡើងថា កីឡាធ្វើឲ្យយើងបង្កើតបានមិត្តភាព សាមគ្គីភាព ភាតរភាព រវាងស្ថាប័នមួយទៅស្ថាប័នមួយទាំងក្របខណ្ឌរដ្ឋ ក៏ដូចជាឯកជន និងជួយឲ្យយើងនៅឆ្ងាយពីអំពើអបាយមុខ។ ក្រៅពីនោះ ក៏មានការបណ្តុះគំនិតឲ្យក្មួយៗ ចេះស្រឡាញ់វិស័យកីឡា ពិសេសកីឡាបាល់ទាត់ ដែលជាកីឡាកំពុងតែពេញនិយម។
លោក វង សូត បានលើកឡើងបែបនេះ ខណៈលោកបានអញ្ជើញចូលរួមនៅក្នុងពិធីសំណសំណាលជាមួយកីឡាករ និងប្រកាសការប្រកួតបាល់ទាត់ពានរង្វាន់ «លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» លើកទី២ ឆ្នាំ២០១៩ ដែលរៀបចំឡើងនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នាទីស្តីការក្រសួងសង្គមកិច្ច ។
ជាមួយគ្នានោះ លោករដ្ឋមន្រ្តី វង សូត បានក្រើនរំលឹកដល់កីឡាករថា ក្រុមកីឡាករនីមួយៗ ត្រូវខិតខំហ្វឹកហាត់ឲ្យបានល្អ ដើម្បីបង្កើនសមត្ថភាព ទេពកោសល្យ និងបច្ចេកទេសបន្ថែមទៀត ដើម្បីយកជ័យជំនះជូនក្រុមរបស់ខ្លួន និងពង្រឹងសមត្ថភាពដើម្បីអាចប្រកួតប្រជែង ជាមួយស្ថាប័នផ្សេងៗទៀតបាន។
ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» បានធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបំផុសស្មារតី ចលនាយុវជនឲ្យចូលចិត្ត និងស្រឡាញ់វិស័យកីឡាប៉ុណ្ណោះទេ តែបំណងសំខាន់នោះគឺ ចែករំលែកបទពិសោធន៍ ពិសេសមិនយកពេលវេលា ទៅប្រព្រឹត្តអំពើឧបាយមុខ ក្នុងសង្គមដូចជា សេពគ្រឿងញៀន និងបោះបង់ការសិក្សាជាដើម។
បើយោងតាមរបាយការណ៍របស់ លោក ស៊ីម សុធន ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានឲ្យដឹងថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា» បានបង្កើតឡើង ក្នុងអំឡុងឆ្នាំ២០០៦ ដោយបានប្រកួតជាមិត្តភាពជាមួយក្រសួងស្ថាប័នផ្សេងៗជាច្រើនលើក។ ការប្រកួតនេះ នឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ និងគ្រោងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០១៩។
ចំពោះក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ ដល់លេខ៣ នឹងទទួលបាន៖
១៖ ចំណាត់ថ្នាក់លេខ១ ទទួលបានពានរង្វាន់១ ទង់ចំណាត់ថ្នាក់ និងមេដាយចំនួន១៧ និងថវិកាចំនួន២លានរៀល
២៖ ចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់១ និងមេដាយចំនួន១៧ និងថវិកាចំនួន១លាន ៥សែនរៀល
៣៖ ចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់១ និងមេដាយចំនួន១៧ និងថវិកាចំនួន១លានរៀល
ក្នុងនោះដែរក៏មានពាន និងមេដាយសម្រាប់ក្រុមប្រកួត Fair Play ពានអនុស្សាវរីយ៍ កីឡាទាត់បញ្ចូលទីច្រើនជាងគេ អ្នកចាំទីល្អ ខ្សែការពារល្អ ខ្សែបម្រើល្អ និងខ្សែប្រយុទ្ធល្អ ដែលគ្រោងចំណាយថវិកាសរុបប្រហែលជា១២លានរៀល៕