(សៀមរាប)៖ វគ្គបណ្តុះបណ្តាលស្តីពី អធិការកិច្ចសុវត្ថិភាពចំណីអាហារ នៅកន្លែងប្រើប្រាស់ចុងក្រោយរយៈពេល ៤ថ្ងៃ (២០-២៣ ខែសីហា ឆ្នាំ២០១៩) បានរៀបចំនៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នាក្រុងសៀមរាប ក្រោមអធិបតីរបស់លោកបណ្ឌិត អឿន បូរារ័ត្នន៍ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប រួមនិងវត្តមានរបស់ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ, មន្ទីរសុខាភិបាលខេត្ត, មន្រ្តីត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ មកពីខេត្តចំនួន ១៤, អង្គការសុខភាពពិភពលោក, ក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលរបស់ការិយាល័យសុវត្ថិភាពចំណីអាហារ នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងនៃក្រសួងសុខាភិបាល និង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សរុបប្រមាណជា ៥០រូប ។
លោកបណ្ឌិត អឿន បូរារ័ត្នន៍ បានលើកឡើងនៅក្នុងពិធីបើកវគ្គថ្ងៃនេះថា ដោយផ្អែកតាមកម្រិតហានិភ័យ ដែលបានរៀបចំដោយការិយាល័យសុវត្ថិភាពចំណីអាហារនៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាងរបស់ នៃក្រសួងសុខាភិបាល ក្នុងខេត្តសៀមរាប យើងនេះក្នុងគោលបំណងដើម្បីការពារថែទាំ សុខភាពរបស់ប្រជាជនទូទាំងប្រទេស ក៏ដូចជាភ្ញៀវទេសចរណ៍អន្ដរជាតិ ដែលបាន និងកំពុងមកទស្សនាទឹកដីអច្ឆរិយៈនៃយើងផងដែរ ទើបយើងមានការយកចិត្តទុកដាក់ និងបានគិតគូរលើសុវត្ថិភាពចំណីអាហារនេះ។
លោកបានគូសបញ្ជាក់ថា ដោយមានការព្រួយបារម្មណ៌ពីបញ្ហាគុណភាពអនាម័យ និងសុវត្ថិភាពចំណីអាហារ នៅតាមភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ម្ហូបអាហារផ្សេងៗទៀត ។ ទើបលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ម ប៊ុនហេង បានធ្វើការណែនាំ និងជំរុញឲ្យថ្នាក់ដឹកនាំនិងមន្រ្ដីជំនាញមានការយកចិត្តទុកដាក់ចុះណែនាំ ត្រួតពិនិត្យគុណភាព អនាម័យ និងសុវត្ថិភាពចំណីអាហារឲ្យបានហ្មតចត់និងបានគ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន និងកន្លែងលក់ម្ហូបអាហារនានា ពីព្រោះកន្លងមកនៅប្រទេសកម្ពុជាយើង ក៌មានការពុលចំណីអាហារ និងភេសជ្ជៈជាច្រើនលើកមកហើយ ។
លោកបានបន្តថា បើយោងតាមស្ថិតិនៃការពុលចំណីអាហាររបស់ក្រសួងសុខាភិបាលពី ឆ្នាំ២០១៤-២០១៨ ក្នុងប្រទេសកម្ពុជាមានការពុលចំណីអាហារ សរុបចំនួន ១១៩ដង មានជនរងគ្រោះចំនួន ៥៣២០នាក់ និងស្លាប់ ៧៨នាក់ គឺបណ្តាលមកពីការបរិភោគចំណីអាហារ ស្រាស និងស្រាថ្នាំ ដែលចម្លងដោយមេរោគ សារធាតុគីមីពុល ឬលើកំរិត និងមានមេតាណុលកម្រិតខ្ពស់។ នេះជាតួលេខមួយគួរឱ្យចាប់អារម្មណ៍ និងពង្រឹងសកម្មភាពអធិការកិច្ច។ ហើយបើតាមខ្លឹមសារប្រកាសអន្តរក្រសួងលេខ ៨៦៨ឧរថ.ប្រក ស្តីពីការអនុវត្តន៌ និងការរៀបចំសម្របសម្រួលស្ថាប័នកិច្ចនៃប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពចំណីអាហារ ត្រង់ប្រការ១៩ និងប្រការ២០ ក្រសួងសុខាភិបាល ទទួលបន្ទុកអធិការកិច្ចនៅកន្លែងប្រើប្រាស់ចុងក្រោយ គឺនៅតាមភោជនីយដ្ឋាន, អាហារដ្ឋាន គ្រឹះស្ថានផលិតចំណីអាហារ, Food Caterings, និងអាជីវកម្មចំណីអាហារ។
ហើយការងារនេះក្រសួងសុខាភិបាលយើងបាន និងកំពុងធ្វើយ៉ាងសកម្មរហូតមកដល់បច្ចុប្បន្ន យើងបានចេញវិញ្ញាបនបត្របញ្ជាក់អនាម័យចំនួន ២៤៨០កន្លែង និងវិញ្ញាប័នបត្រគោលការណ៍អនុវត្តអនាម័យល្អសម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានសរុបចំនួន៤០០កន្លែង ក្នុងនោះមាន Logo A: 276, Logo B: 104, Logo C: 20។ ភោជនីយដ្ឋាន អាហារដ្ឋាន និងក្រុមហ៊ុនអាជីវកម្មចំណីអាហារដែលក្រសួងបានចេញវិញ្ញាបនបត្រជូន សុទ្ធសឹងតែឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីត្រួតពិនិត្យរបស់ក្រសួង និងមន្ទីរសុខាភិបាល ដោយប្រើប្រាស់ឧបករណ៍វិទ្យាសាស្ត្រ និងតារាងលក្ខណៈវិន្និច្ឆ័យសម្រាប់វាយតម្លៃ(Checklist)។
ហើយថ្ងៃនេះការិយាល័យសុវត្ថិភាពចំណីអាហារនៃក្រសួងសុខាភិបាល បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីអធិការកិច្ចសុវត្ថិភាពចំណីអាហារ នៅកន្លែងប្រើប្រាស់ចុងក្រោយដោយផ្អែក តាមកម្រិតហានិភ័យ។ ដូចនេះមន្ត្រីយើងនឹងទទួលបាននូវចំណេះដឹងនិងបទពិសោធន៌បន្ថែមទៀតដើម្បីបង្កើនសមត្ថភាពលើការងារអធិការកិច្ចសុវត្ថិភាពចំណីអាហារនេះ ក្នុងគោលបំណងធ្វើឱ្យការត្រួតពិនិត្យរបស់យើងកាន់តែមានប្រសិទ្ធិភាព និងចំណេញពេលវេលា ដើម្បីឈានទៅគ្រប់គ្រងទាំងស្រុងលើកន្លែងប្រើប្រាស់ចុងក្រោយ។
ក្នុងឱកាសនេះ លោកបានលើឧទាហរណ៍មួយដែលខ្ញុំបានជួបនៅខេត្តក្រចេះកាលពីសប្តាហ៍មុន គឺភោជនីយដ្ឋាន និងអាហារដ្ឋានភាគច្រើននៅកន្លែងទទួលភ្ញៀវ (កន្លែងបរិភោគ) មានសភាពស្អាត តែដល់នៅកន្លែងរៀបចំនិងចំអិនចំណីអាហារអស់ទាស់ គឺពិបាកនឹងជម្រាបជូន(គ្មានអនាម័យ) ត្រង់នេះឯងដែលហៅថា ហានិភ័យខ្ពស់ គឺមានភ្នាក់ងារបង្កគ្រោះថ្នាក់ (មេរោគ សារធាតុគីមីពុល ថ្នាំសម្លាប់សត្វល្អិត ឬពពួករូបសាស្ត្រ ដូចជាសក់ កំទេចឈើ បំណែកដប.....) ច្រើនដែលអាចកើតមាននៅទីនោះ ហើយប្រសិនបើការត្រួតពិនិត្យរបស់យើងមានចន្លោះប្រហោងនោះ ភ្នាក់ងារគ្រោះថ្នាក់ទាំងនោះនឹងចូលដល់ផលិតផលសម្រេចចុងក្រោយដែលគេបានយកទៅឱ្យភ្ញៀវបរិភោគ។
ម្យ៉ាងទៀតកន្លែងឈប់សំចតរថយន្តក្រុង តាក់ស៊ី និងយាន្តជំនិះផ្សេងៗតាមផ្លូវធ្វើដំណើរ ដូចជានៅស្គន់ ស្ទោង និងបណ្តាស្រុកដទៃដែលមានភោជនីយដ្ឋាន និងកន្លែងលក់ចំណីអាហារបម្រើអ្នកដំណើរ គឺមានមនុស្សសម្រាកបរិភោគច្រើន ត្រង់កន្លែងនេះក៏មានហានិភ័យខ្ពស់ព្រោះអ្នកដំណើរអាចនាំមកនូវមេរោគផ្សេងៗជាមួយខ្លួនគាត់ ឬបើមានឧប្បត្តិហេតុពុលនោះនឹងបង្កដល់អ្នកដំណើរច្រើននាក់។ នេះជាចំនុចត្រូវគិតគូពីកម្រិតហានិភ័យលើការប៉ះពាល់សុខភាពរបស់អ្នកប្រើប្រាស់ចំណីអាហារ។
ហេតុនេះហើយបានជាយើងត្រូវបង្កើនការត្រួតពិនិត្យ ផ្លាស់ប្តូររបៀបត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ ពីបែបបុរាណ មកបែបទំនើបដោយបង្កើនឱ្យកាន់តែច្បាស់លាស់តាមលក្ខណៈវិទ្យាសាស្ត្រ និងទំនើបកម្មវិញ ដែលថ្ងៃនេះ គ្រូឧទ្ទេសនាមនឹងបង្ហាញជូនដល់សិក្ខាកាមពីអ្វីដែលហៅថា ការធ្វើអធិការកិច្ចចំណីអាហារដោយផ្អែលើកម្រិតហានីភ័យចំណីអាហារ។ លោកក៏មានសង្ឃឹមថា ៖ យើងនឹងទទួលបាននូវបទពិសោធន៍ ផ្លាស់ប្តូរយោបល់ បញ្ចេញពីបញ្ហាប្រឈមដែលកើតមានក្នុងខេត្តនីមួយៗ និងវិធីថ្មីៗសម្រាប់អនុវត្តន៍ក្នុងការងារប្រចាំថ្ងៃរបស់យើង៕