(ភ្នំពេញ)៖ អ្នកជំនាញផ្នែកបណ្ដុះ បង្កាត់ពូជ និងបច្ចេកទេសដាំដុះធុរ៉េន «ម៉ូសាងឃីង» ដែលជាពូជធុរ៉េនដ៏ល្បីប្រចាំនៅប្រទេសម៉ាឡេស៊ី លោក Way Sew Chiang ហៅលោក លី បានអញ្ជើញមកដល់កម្ពុជាហើយ កាលពីពេលថ្មីៗនេះ ដើម្បីឲ្យមកជួយផ្នែកកសិកម្ម ជាពិសេសដំណាំធុរ៉េននៅក្នុងប្រទេសកម្ពុជា។ វត្តមានលើកដំបូងរបស់លោក គឺតបតាមការអញ្ជើញរបស់ក្រុមហ៊ុនហង្សម្ចាស់ដី ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យកសិកម្ម ដើម្បីឲ្យលោកមកជួយលើផ្នែកបច្ចេកសទេស និងដើម្បីឲ្យកម្ពុជាមានលទ្ធភាពដាំពូជធុរ៉េន ដែលជាពូជធុរ៉េនដែលមានទីផ្សារខ្លាំង នៅក្នុងពិភពលោក។
លោក Way Sew Chiang ហៅ លី បានថ្លែងប្រាប់ បន្ទាប់ពីចុះមកដល់កម្ពុជាថា លោកគឺជាអ្នកឯកទេសផ្នែកដាំដុះ និងថែទាំធុរ៉េនម៉ូសាងឃីង ប្រចាំនៅក្នុងកសិដ្ឋានធំមួយនៅក្នុងប្រទឹសម៉ាឡេស៊ី ដោយបានធ្វើការលើមុខជំនាញនេះ ប្រមាណជាង៣០ឆ្នាំមកហើយ ដោយលោកក៏មានស្នាដៃជួយឲ្យប្រទេសម៉ាឡេស៊ី មានលទ្ធភាពផ្គត់ផ្គង់ពូជធុរ៉េនម៉ូសាងឃីង នៅក្នុងប្រទេស និងនាំចេញនាពេលចុងក្រោយនោះផង។ ក្រៅពីទទួលខុសត្រូវលើការងារ ក្នុងកសិដ្ឋានរបស់ខ្លួន លោកក៏ជាបណ្ដុះបណ្ដាល និងជាអ្នកផ្ដល់បច្ចេកទេស ជួយដល់ម្ចាស់ចម្ការធុរ៉េនម៉ូសាងឃីងធំៗ នៅក្នុងប្រទេសប្រចាំ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។
នាពេលកន្លងមក លោកលី បានចុះទៅបណ្ដុះបណ្ដាលជំនាញដាំពូជធុរ៉េននេះ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសផ្សេងទៀត ជាច្រើនកន្លែង ដើម្បីឲ្យប្រទេសទាំងនោះ មានលទ្ធភាពដាំដុះពូជធុរ៉េនមួយនេះ។ ដោយឡែកសម្រាប់ដំណើរមកកាន់កម្ពុជា របស់លោកនៅក្នុងពេលនេះ ក៏មិនខុសពីដំណើរកន្លងមកទៅកាន់ប្រទេសឥណ្ឌូនេស៊ីនោះដែរ ដោយលោកមកដើម្បីសិក្សាទឹកដីមួយចំនួនរបស់កម្ពុជា ជាពិសេស គឺបរិយាកាស និងសណ្ឋានដីក្នុងខេត្តកំពត ដើម្បីកំណត់ដឹងថា តើត្រូវរៀបចំបច្ចេកទេសដូចម្ដេច ដើម្បីអាចឲ្យពូជធុរ៉េនម៉ូសាងឃីង អាចលូតលាស់បានល្អ។
លោកបានបន្តថា ខ្លួននឹងចំណាយពេល៥ថ្ងៃជាមួយនឹងក្រុមហ៊ុនហង្សម្ចាស់ដី ដើម្បីបណ្ដុះជំនាញអ្នកឯកទេសកម្ពុជាលើពូជដំណាំមួយនេះ ដោយក្រោយបញ្ចប់បេសកកម្មលើកដំបូង លោកបន្តចុះមកកម្ពុជា ឲ្យញឹកញាប់បន្ថែមទៀត ដើម្បីជួយឲ្យកម្ពុជា មានចម្ការធុរ៉េនម៉ូសាងឃីង ដែលមានស្ដង់ដារដូចគ្នានឹងនៅម៉ាឡេស៊ី។ លោកក៏ប្រកាសនឹងជួយរកទីផ្សារដល់កម្ពុជាផងដែរ ប្រសិនបើកម្ពុជាមានលទ្ធផលផ្គត់ផ្គង់ពូជធុរ៉េនម៉ូសាងឃីង នៅអំឡុងប៉ុន្មានឆ្នាំក្រោយ ហើយរកទីផ្សារនាំចេញមិនបាន។ ផ្អែកតាមការសិក្សា នឹងវាយតម្លៃជាបឋមលោកថា កម្ពុជាក៏អាចដាំធុរ៉េនម៉ូសាងឃីងបានល្អមិនចាញ់ម៉ាឡេស៊ីនោះដែរ ដោយគ្រាន់តែត្រូវរៀបចំបច្ចេកទេសខុសគ្នាបន្តិចបន្តួចប៉ុណ្ណោះ។
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៊ុនហង្សម្ចាស់ដី បានថ្លែងថា សម្រាប់ចម្ការធុរ៉េនរបស់គម្រោង «ឋានព្រះឥន្ទ» ក្រុមហ៊ុនបានទំនាក់ទំនង ជាមួយអ្នកជំនាញប្រទេសម៉ាឡេស៊ីក្នុងការនាំពូជសុទ្ធ «ម៉ូសាងឃីង» ផ្ទាល់ពីម៉ាឡេស៊ីតែម្ដង ដោយមិនទិញពូជពីប្រទេសជិតខាងទេ ដើម្បីឲ្យបានពូជសុទ្ធ។ ក្នុងនោះក្រុមហ៊ុនក៏ត្រៀមចំណាយទុនខ្ពស់ ក្នុងការអញ្ជើញអ្នកឯកទេស គឺលោកលី ឲ្យឡើងចុះមកសិក្សា និងជួយលើផ្នែកបច្ចេកទេស តាំងពីដំណាក់កាលបណ្ដុះពូជ ដាំដុះ រហូតដល់បានផលផងដែរ។
លោកបានបន្តថា ពូជធុរ៉េនម៉ាសាងឃីង ត្រូវបានដាំជាបណ្ដើរៗហើយនៅខេត្តកំពត ដោយនឹងបន្តដាំនៅបណ្ដាខេត្តផ្សេងៗទៀត។ លោកចំណាយទុនខ្ពស់នាំពូជ និងអ្នកឯកទេស ពីប្រទេសម៉ាឡេស៊ីមកដោយផ្ទាល់ គឺដើម្បីឲ្យម្ចាស់ចម្ការដែលទិញចម្ការធុរ៉េន ពីគម្រោងឋានព្រះឥន្ទ មានចម្ការធុរ៉េនមួយដែលមានពូជល្អ ហើយលក់បានថ្លៃក្រោយពេលបានផល។ លោក ហង្ស ព្រីន្សយ៉ា បន្តថារយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជធុរ៉េនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកួតប្រជែងនឹងប្រទេសជិតខាងបាន៕