(ក្រចេះ)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ បានលើកឡើងថា នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា មិនត្រឹមតែនាំមកនូវ សុខសន្តិភាពជូនប្រទេសជាតិ និងប្រជាជនប៉ុណ្ណោះ ថែមទាំងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ។
តាមការបញ្ជាក់ជាថ្មីម្តងទៀតរបស់មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ នៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរជាង ៧លាននាក់ និងនាំមកនូវចំណូលប្រមាណ ៥ប៊ីលានដុល្លារ បង្កើតឱកាសការងារបានប្រមាណជិត ១លាននាក់ និងនៅឆ្នាំ២០៣០ អាចនឹងទទួលបានទេសចរអន្តរជាតិប្រមាណ ១៥លាននាក់ នាំមកនូវចំណូលប្រមាណ ១០ប៊ីលានដុល្លារ បង្កើតឱកាសការងារប្រមាណជិត២លាននាក់។
ការលើកឡើងបែបនេះរបស់លោក ហោ សារុន បានធ្វើឡើងនាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលោកបានអញ្ជើញជាតំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បើកសិក្ខាសាលាស្តីពី «ការពង្រឹងសន្តិសុខ និងសុវត្ថិភាពទេសចរ» នៅខេត្តក្រចេះ ដោយមានកិច្ចសហការខ្ពស់ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមានការចូលរួមពីមន្ទីរពាក់ព័ន្ធ សាលាក្រុងក្រចេះ សាលាសង្កាត់ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ យុវជន សមាគមដឹកជញ្ជូនទេសចរណ៍ និងម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ក្នុងក្រុងក្រចេះ ខេត្តក្រចេះ។
លោកថា គោលបំណង នៃការរៀបចំសិក្ខាសាលាក្នុងថ្ងៃនេះ ដើម្បីពង្រឹងការយកចិត្តទុកដាក់ខ្ពស់លើការងារបដិសណ្ឋារកិច្ច ស្វាគមន៍ភ្ញៀវទេសចរ រួសរាយរាក់ទាក់ និងធានាឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរក្នុងខេត្តឱ្យបានល្អប្រសើរ ព្រមទាំងផ្សព្វផ្សាយ និងពង្រឹងបញ្ហាសន្តិសុខ និងសុវត្ថិភាពទេសចរឱ្យបានល្អប្រសើរ និងជាពិសេសការចូលរួមសហការ ពីអស់លោក លោកស្រីផ្នែកឯកជន ជាមួយអាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពទេសចរតាមមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ និងគោលដៅទេសចរណ៍នានា ក្នុងខេត្តក្រចេះ។
លោកបានបន្តថា «វិស័យទេសចរណ៍ ដែលត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ក៏បានបោះជំហានរីកចម្រើន ទៅមុខជាលំដាប់ ដោយរក្សាបានកំណើនវិជ្ជមានជារៀងរាល់ឆ្នាំ និងបានរួមចំណែកប្រមាណ ១២.៧% នៃផលទុនសរុបក្នុងស្រុក។ នៅឆ្នាំ២០១៨កន្លងទៅ យើងសម្រេចបានកំណើនក្នុងអត្រាប្រមាណ១១% ជាមួយនឹងការមកដល់នៃទេសចរអន្តរជាតិជាង ៦.២លាននាក់ និងនាំប្រាក់ចំណូលប្រមាណ ៤.៣៥៦លានដុល្លារ ចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ»។
លោក ហោ សារុន បានបញ្ជាក់ថា ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិដូចបានជម្រាបជូនខាងលើជាយុទ្ធសាស្ត្រ គឺត្រូវធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយភាព ទាក់ទាញ និងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ តាមរយៈការបង្កើតឱ្យមានផលិតផលទេសចរណ៍ថ្មីៗ និងប្រកបដោយភាពវ័យឆ្លាត ស្អាត បៃតង និងរក្សាសុខសុវត្ថិភាពទេសចរឱ្យបានល្អប្រសើរ។
«ជាការពិតណាស់ ផលប្រយោជន៍ដែលបានមកពីការរីកចម្រើន នៃវិស័យទេសចរណ៍បានចូលរួមលើកស្ទួយកម្រិតជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ បង្កើតការងារដល់កម្លាំងពលកម្មកម្ពុជា លើសពីនេះទៀត ក៏ចូលរួមថែរក្សាអភិរក្សបរិស្ថានធម្មជាតិ វប្បធម៌ប្រពៃណីជាតិ និងលើកតម្កើងកិត្តិនាមកម្ពុជា នៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះការរួមចំណែកពីគ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ពិតជាមានសារសំខាន់ណាស់ ដើម្បីជួយដល់ការរីកចម្រើនវិស័យទេសចរណ៍ ជាក់ស្តែងសិក្ខាសាលានៅថ្ងៃនេះក៏បានឆ្លុះបញ្ចាំង ពីការចូលរួមចំណែកក្នុងការពង្រឹងកំណើនទេសចរណ៍ ស្របតាមយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យទេសចរណ៍ តាមរយៈការលើកកម្ពស់ និងពង្រឹងបញ្ហាសន្តិសុខ និងសុវត្ថិភាពទេសចរ នៅទូទាំងប្រទេស ជាពិសេសនៅខេត្តក្រចេះ ដែលជាខេត្តមួយ មានច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលជាច្រកសេដ្ឋកិច្ច និងទេសចរណ៍មួយយ៉ាងប្រសើរ»។ នេះជាការបញ្ជាក់បន្ថែមពីលោក ហោ សារុន។
សូមបញ្ជាក់ថា ការចូលរួមរបស់សិក្ខាកាមទាំងអស់នៅថ្ងៃនេះ គឺជាការចូលរួមចំណែកមួយដើម្បីវិស័យទេសចរណ៍របស់យើង ហើយជឿជាក់ថាសិក្ខាកាមទាំងអស់ នឹងពាំនាំយកចំណេះដឹង ដែលទទួលបាននៅថ្ងៃនេះទៅបម្រើជាប្រយោជន៍ដល់វិស័យទេសចរណ៍ ក៏ដូចជាចែករំលែកជូនដល់គ្រួសារ អង្គភាព ស្ថាប័ន មូលដ្ឋានអាជីវកម្មនានាឱ្យកាន់តែទូលំទូលាយ និងយល់ជ្រួតជ្រាបបន្ថែមទៀត៕