(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ថា ចំពោះបញ្ហារក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ពិតជាមិនមានអ្វីគួរឲ្យកត់សម្គាល់នោះទេ បន្ទាប់ពីមានកិច្ចសហការល្អ ដោយកម្លាំងនគរបាលខណ្ឌ ប៉ុស្ដិ៍ អាវុធហត្ថ អាជ្ញាធរសង្កាត់ ភូមិ និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៥៦នាក់ បានបន្តដាក់គោលដៅក្នុងយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ លើមធ្យោបាយធ្វើដំណើរផ្សេងៗ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ នៅយប់មិញថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
លោក ជា ពិសី បានគូសបញ្ជាក់ថា យប់មិញនេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ បានបន្តដាក់គោលដៅក្នុងយុទ្ធនាការត្រួតពិនិត្យអាវុធជាតិផ្ទុះ ដែលបានធ្វើការណែនាំទៅលើមធ្យោបាយធ្វើដំណើរផ្សេងៗ ពិសេសអ្នកបើកបរស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង ដើម្បីគោរពច្បាប់ចរាចរណ៍ផ្លូវគោក ប្រៀបដូចជាការ «ចេះស្រលាញ់អាយុជីវិតខ្លួនឯង និងក្រុមគ្រួសារ» ក្នុងគោលបំណងកាត់បន្ថយ នៃអាត្រាគ្រោះថ្នាក់ចរាចរណ៍ និងការកាត់បន្ថយបទល្មើសនានា ជូនប្រជាពលរដ្ឋ តាមផែនការរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង៕