(ព្រះសីហនុ)៖ ជុំវិញករណីអត្តឃាត ស្លាប់មួយគ្រួសារ៣នាក់ ប្ដីប្រពន្ធ និងកូនអាយុ១២ឆ្នាំ នៅយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅចំណុចផ្សារពាណិជ្ជកម្ម ស្ថិតក្នុងក្រុមទី៧ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានសន្និដ្ឋានថា ផ្ដើមចេញពីប្រពន្ធជាអ្នកដាក់ថ្នាំពុលក្នុងអាហារ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះថា បន្ទាប់សមត្ថកិច្ចជំនាញ សហការជាមួយគ្រូពេទ្យ ដើម្បីធ្វើកោសល្យវិច្ឆ័យ រកឃើញថា នេះជាករណីអត្តឃាតពិតប្រាកដមែន ដោយប្រពន្ធជាអ្នកដាក់ថ្នាំពុលក្នុងអាហារ ដើម្បីបំពុលប្ដី និងកូន ហើយខ្លួនឯងទៅជាមួយ។
លោកស្នងការបានបញ្ជាក់ទៀតថា ឆ្លងតាមការស្រាវជ្រាវ សមត្ថកិច្ចក៏បានរកឃើញ ទី១៖ ជាតិថ្នាំក្នុងអាហារ ដែលជនរងគ្រោះទទួលទាន, ទី២៖ ផ្ទះចាក់សោខាងក្នុង និងទី៣៖ ប្ដីប្រពន្ធនេះតែងតែឈ្លោះគ្នា ពោលរស់នៅមិនសូវចុះសម្រុង។
សូមជម្រាបថា ជនរងគ្រោះមួយគ្រួសារ ដែលស្លាប់ទាំង៣នាក់ដោយសារទទួលទានអាហារមានជាតិពុលនេះ រួមមាន ទី១៖ ឈ្មោះ ខេង អាយុ៤៣ឆ្នាំ មុខរបរមេការជាងកញ្ចក់ (ប្ដី), ទី២៖ឈ្មោះ ម៉ឹង សុផល អាយុ៤១ឆ្នាំ មុខរបរអ៊ុតសក់ (ប្រពន្ធ) និងទី៣៖ ឈ្មោះ លី ស៊ីវឈីង ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស ត្រូវជាកូន។ បច្ចុប្បន្នសាកសព បានយកទៅតម្កល់ទុកនៅវត្តឥន្ទញ្ញាណ ហៅវត្តក្រោម ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ដើម្បីឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕