Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តកំពង់ធំ ផ្តល់ថវិកា និងអំណោយជូនបេក្ខជនពិការពីរនាក់ ក្រោយបញ្ចប់ការសម័យប្រឡងបាក់ឌុប

21-08-2019 10:39

(កំពង់ធំ)៖ បន្ទាប់ពីទទួលបានដំណឹងថា មានសិស្សពិការចំនួន ២នាក់ ដែលជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានជួបសំណេះសំណាល ជាមួយពួកគេ បន្ទាប់ពីពួកគេបានបញ្ចប់ការប្រឡងថ្ងៃទីពីរមុខវិជ្ជាថ្ងៃចុងក្រោយរួចរាល់ នៅវេលាម៉ោង៥ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

បេក្ខជន ទុយ សុខដុង រស់នៅក្នុងភូមិពោធិ៍តាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាសិស្សរៀនវិទ្យាល័យស្ទឹងសែន ពិការភាពទាំងដៃទាំងពីរ និងជើងទាំងពីរ តាំងពីកំណើរមកម៉្លេះ ហើយគ្រួសារមានជីវភាពក្រីក្រ ឪពុកម្ដាយធ្វើស្រែ។ សុខ ដុង ទោះបីពិការភាពពីកំណើត ហើយស្ថានភាពគ្រួសារក្រីក្រដូចនេះក៏ដោយ តែចំពោះការសិក្សានៅក្នុងថ្នាក់រៀនវិញ តែងបានចំណាត់ថ្នាក់ ចន្លោះពីលេខពីរ ដល់ លេខប្រាំជារៀងរាល់ខែ។

បេក្ខនារី អ៊ុល កុសល មានទីលំនៅក្នុងភូមិទ្រាស ឃុំឈូកខ្សាច់ ស្រុកបារាណ៍ ខេត្តកំពង់ធំ ជាសិស្សរៀននៅវិទ្យាល័យបារាយណ៍ ពិការភាពទាំងដៃទាំងពីរ និងជើងម្ខាងតាំងពីកំណើរមកដែរ ហើយការរស់នៅប្រចាំថ្ងៃរបស់គាត់ពិបាកយ៉ាងខ្លាំង ដោយឱពុកម្តាយជាកម្មករចៀជ័រកៅស៊ូ នៅក្នុងស្រុកសន្ទុក ត្រូវទៅធ្វើការងារនៅឆ្ងាយពីផ្ទះ ធ្វើឲ្យរូបគាត់រស់នៅជាមួយបងប្អូន និងលោកយាយ។ ចំពោះការសិក្សានៅក្នុងថ្នាក់រៀនគឺមាន ទទួលបានចំណាត់ថ្នាក់លេខពីរឬលេខបីជារៀងរាល់ខែ។

លោក សុខ លូ បានឧបត្ថម្ភនូវថវិកាក្នុងម្នាក់ៗចំនួន ២.០០០.០០០រៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។ លោកក៏នឹងផ្តល់នូវកុំព្យូទ័រយួរដៃម្នាក់ ១គ្រឿង នៅពេលបិទផ្សាយលទ្ធផល បើទោះបីជាលទ្ធផលប្រឡងយ៉ាងណាក៏ដោយ ប្រសិនបើបេក្ខជនទាំងពីរនាក់ទទួលបាននិទ្ទេស A លោកនឹងផ្ដល់ជូនម៉ូតូ១គ្រឿង ដូចបេក្ខជននិទ្ទេស A ដ៏ទៃទៀតដែរ។

លើសពីនេះ លោក សុខ លូ នឹងផ្តល់អាហារូបករណ៍ ១០០% និងជួយទំនុកបម្រុងទាំងស្រុង ក្នុងរយៈពេលសិក្សាសម្រាប់អ្នកទាំងពីរ ដែលរៀនបន្តនៅក្នុងខេត្តកំពង់ធំ ប៉ុន្តែបើទៅរៀននៅភ្នំពេញ លោកនឹងស្វែងរកសប្បុរសជនជួយឧបត្ថម្ភបន្តទៀត។

កាយវិការដ៏ថ្លៃថ្លា និងទឹកចិត្តសប្បុរសនាពេលនេះ ពិតជាបង្ហាញថា លោកអភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋពិតប្រាកដមែន៕