(ភ្នំពេញ)៖ កម្ពុជា និងវៀតណាម នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩នេះ បានបើកកិច្ចប្រជុំគណៈកម្មការចម្រុះលើកទី១៧ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកទេស។ កិច្ចប្រជុំត្រូវបានធ្វើឡើងនៅទីស្តីការក្រសួងការបរទេសកម្ពុជា។
ភាគីកម្ពុជាដឹកនាំដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយភាគីវៀតណាម លោកឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម។
កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ត្រូវបានរៀបចំឡើងជាទៀងទាត់ក្នុងគោលបំណង ធ្វើបច្ចុប្បន្នភាពវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងរិះរកវិធី និងមធ្យោបាយនានា ដើម្បីពង្រីកថែមទៀតនូវវិសាលភាព និងប្រសិទ្ធិភាពនៃទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ នៅក្នុងវិស័យនានា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
កិច្ចប្រជុំនេះ ក៏នឹងផ្តល់កាលានុវត្តភាពសម្រាប់ភាគីទាំងពីរ ធ្វើការផ្លាស់ប្តូរទស្សនៈគ្នាលើកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ដែលមានផលប្រយោជន៍ទៅវិញទៅមកផងដែរ។ កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាមលើកទី១៧ នឹងជួយលើកកម្ពស់ថែមទៀត នូវចំណងមិត្តភាពជាភាតរៈយូរអង្វែង និងភាពជាអ្នកជិតខាងល្អ រវាងប្រទេសទាំងពីរ ក៏ដូចជា រួមចំណែកដល់សន្តិភាព និងវិបុលភាពនៅក្នុងតំបន់ និងសកលលោក។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពេលអនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រីវៀតណាម ផាម ប៊ិញមិញ ជួបសម្តែងការគួរសមនៅថ្ងៃម្សិលមិញនេះ បានជំរុញឱ្យកិច្ចប្រជុំនេះពិភាក្សាផ្តោតសំខាន់ទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការ និងការងារព្រំដែនប្រទេសទាំងពីរ ដោយឈរលើស្មារតីមិត្តភាព និងសហប្រតិបត្តិការ៕