(ភ្នំពេញ)៖ នៅទីបំផុត ពាក្យបណ្តឹងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅដល់តុលាការទីក្រុងប៉ារីស ប្រទេសបារាំងហើយ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។
ពាក្យបណ្តឹងដែលមេធាវី ដ៏ល្បីឈ្មោះជនជាតិបារាំង៣រូប យកទៅដាក់នៅតុលាការក្រុងប៉ារីស មានកម្មវត្ថុប្តឹងឈ្មោះ សម រង្ស៊ី ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈចំពោះបុគ្គល»។
ជាការពិត លោក សម រង្ស៊ី ច្បាស់ជាស្រឡាំងកាំង នៅពេលបានលឺព័ត៌មានប្រកាសថា ពាក្យបណ្តឹងបានទៅដល់តុលាការក្រុងប៉ារីសរួចទៅហើយ ពីព្រោះមនុស្សមាត់ឥតគម្របប្រភេទ សម រង្ស៊ី នេះ ទំនងជាមិនបានគិតស្មានត្រូវឡើយថា នាយករដ្ឋមន្ត្រី ហ៊ុន សែន ហ៊ានប្តឹងទៅតុលាការបារាំងឡើយ។ ម៉្យាងវិញទៀត អាចដោយសារតែការវាយតំលៃមិនត្រឹមត្រូវបែបនេះហើយ ទើបលោក រង្ស៊ី ក៏មិនបានត្រៀមខ្លួន ក្នុងការតទល់រឿងក្តីនេះដែរ ព្រោះគាត់នឹកថា វាមិនអាចកើតមាននោះទេ។ ប៉ុន្តែ ពាក្យចាស់ពោលថា «កុកអាចភ្លេចជុង តែជុងមិនដែលភ្លេចកុកឡើយ»។ យ៉ាងណាមិញ លោក សម រង្ស៊ី ក៏អាចភ្លេចសម្តីដែលខ្លួននិយាយមួលបង្កាច់គេ ពីព្រោះតែខ្លួនបាននិយាយបែបនេះច្រើនដងពេកហើយ សឹងតែរាល់ថ្ងៃរាល់យប់។ ប៉ុន្តែ ជនរងគ្រោះដោយការមួលបង្កាច់ របស់ សម រង្ស៊ី វិញក៍គេមិនដែលភ្លេច នូវការបំពានដ៏អាក្រក់នេះបានឡើយ។
ដូច្នេះក្នុងន័យនេះ ពាក្យបណ្តឹងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់តុលាការទីក្រុងប៉ារីស ពិតជាមានអត្ថន័យច្រើនយ៉ាងជាអាទិ៍៖
ទី១៖ គឺជាការបំបាក់យ៉ាងទាន់ហន់ ចំពោះអំនួត និងភាពក្រអឺតក្រទមរបស់លោក សម រង្ស៊ី ដែលអះអាងម្តងហើយម្តងទៀតថា នាយករដ្ឋមន្ត្រី ហ៊ុន សែន មិនហ៊ានប្តឹងគាត់ទៅតុលាការបារាំងទេ។ បើនិយាយឲ្យពិតឲ្យត្រង់ទៅ សម រង្ស៊ី ក៏ភ័យបុកពោះ ខ្លាចពាក្យបណ្តឹងនេះខ្លាំងណាស់ដែរ តែគាត់បានប្រើរបៀបនិយាយជាសង្គ្រាមចិត្តសាស្ត្រ កម្លាដោយជំរុញ និងឌឺឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់ពាក្យបណ្តឹងថែមទៀតផង ពីព្រោះគាត់គិតថា ការកំញើញបែបនេះ អាចធ្វើឲ្យនាយករដ្ឋមន្ត្រី ហ៊ុន សែន ខ្លាចមិនហ៊ានប្តឹងទេ។
ប៉ុន្តែ ដោយសារតែគាត់ស្គាល់ នាយករដ្ឋមន្ត្រី ហ៊ុន សែន ស្តើងពេក ពេលនេះ អំនួតហួសព្រំដែន របស់សម រង្ស៊ី ត្រូវបានបំបាក់ទាំងស្រុង ពេលពាក្យបណ្តឹងចូលដល់តុលាការបារាំងរួចជាស្រេច និងយ៉ាងស្ងាត់ស្ងៀម។
ទី២៖ វាគឺជាសារបង្ហាញប្រាប់សាធារណៈមតិជាតិ និងអន្តរជាតិថា បុរសម្នាក់ឈ្មោះ ហ៊ុន សែន នេះ មិនដែលរួញរាឡើយក្នុងការតស៊ូ ដើម្បីការពារយុត្តិធម៌ និងការពារសេចក្តីសុខសាន្ត របស់ប្រទេសជាតិ និងប្រជាជនរបស់ខ្លួន។ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានយកជីវិតទៅធ្វើដើមទុន ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបខ្មែរក្រហម ។ ដូច្នេះ ត្រឹមការតស៊ូខាងផ្លូវច្បាប់ដើម្បីការពារយុត្តិធម៌ គ្មានអ្វីត្រូវខ្លាចឡើយក្នុងនាមជា «មាសសុទ្ធមិនដែលខ្លាចភ្លើង»។
ទី៣៖ តាមរយៈពាក្យបណ្តឹងនេះ គេអាចយល់បានយ៉ាងច្បាស់ថា យុទ្ធសាស្ត្ររបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលធ្លាប់ធ្វើជា «មេទ័ពដ៏ជាញជ័យ» និងធ្លាប់ឆ្លងកាត់១០៥ សមរភូមិប្រយុទ្ធ គឺតាមវាយសត្រូវដល់ក្នុងផ្ទះ ទោះជាសត្រូវនោះ ទៅដល់ក្រហែងមេឃណាក៏ដោយ។ ចំពោះយុទ្ធសាស្ត្រ របស់នាយករដ្ឋមន្ត្រី ហ៊ុន សែនមួយនេះ លោក សម រង្ស៊ី អាចទំនងជាគិតថា ស្រុកបារាំងជាទីកន្លែងសុវត្ថិភាពរបស់ខ្លួន ហើយអនុញ្ញាតឲ្យខ្លួនបំពានអ្នកណាក៏បានតាមអំពើចិត្ត។ ប៉ុន្តែខ្ញុំយល់ថា អ្នកនយោបាយដែលខ្សោយខាងយុទ្ធសាស្ត្ររូបនេះ តែងតែចូលចិត្តប្រឡែងជាមួយភ្លើង ដោយមិនបានដឹងថា ភ្លើងវាឆេះក្តៅប៉ុណ្ណាឡើយ។ ដូច្នេះ ពាក្យបណ្តឹងមួយនេះ នឹងតាមដុតរោល សម រង្ស៊ី ធ្វើឲ្យដេកមិនលក់ បក់មិនល្ហើយ ហើយបើចង់គេចក៏គេចមិនរួចដែរ ពីព្រោះទីនេះតុលាការក្រុងប៉ារីស។
ទី៤៖ ពាក្យបណ្តឹងនេះក៏ជាការព្រមាន សម រង្ស៊ី ឲ្យភ្លឺភ្នែកថា ទោះជានៅទីណាក៏ដោយ អ្នកមិនអាចបំពានលើអ្នកដទៃបានឡើយ។ ការមួលបង្កាច់ ចោទប្រកាន់ដោយគ្មានការពិត និងការប្រឌិតរឿងលាបពណ៌ គឺជាបទល្មើសជាសាកល ដែលទោះក្នុងប្រទេសណាក៏ដោយ ក៏មានច្បាប់សម្រាប់ដាក់ទោសជនប្រព្រឹត្តិល្មើសដែរ។ ជាពិសេសក្នុងបណ្តាប្រទេសជឿនលឿន សិទ្ធិបុគ្គលឯកជន គឺជាអ្វីដែលគ្មានអ្នកណា អាចបំពានបានឡើយ។
ដូច្នេះ តាមរយៈសំណុំរឿងនេះ លោក សម រង្ស៊ី នឹងបានភ្លឺភ្នែក និងបានយល់ច្បាស់នូវអ្វី ដែលគេហៅថា សេរីភាពបញ្ចេញមតិ និងការរំលោភបំពានលើសិទ្ធិអ្នកដទៃ។
ទី៥៖ នេះក៏ជាសារព្រមាន សម រង្ស៊ី និងគូកនដែលមានសណ្តានប្រហាក់ប្រហែល សម រង្ស៊ី ថា អ្នកអាចរត់គេចចេញពីប្រព័ន្ធច្បាប់ក្នុងស្រុកបាន តែអ្នកមិនអាចរួចខ្លួនបានទេ ចំពោះអំពើបំពានលើអ្នកដទៃ ពីព្រោះប្រព័ន្ធច្បាប់មាននៅគ្រប់ទិសទី គ្រប់ប្រទេស និងមានភាពប្រទាក់ក្រឡាគ្នាដូចសំណាញ់ពីងពាង។
សរុបមកវិញ ពេលនេះ លោក សម រង្ស៊ី ត្រូវទឹកចូលច្រមុះហើយ។ ខ្ញុំជឿជាក់ថា នេះមិន មែនជាពាក្យបណ្តឹងបែបប្រថុយប្រថានឡើយ ពីព្រោះមេធាវីល្បីល្បាញបីរូប ដែលជាជនជាតិបារាំង ពិតជាបានសិក្សាយ៉ាងល្អិតល្អន់ណាស់ មុននឹងសម្រេចចិត្តដាក់ពាក្យបណ្តឹង ទៅតុលាការក្រុងប៉ារីស។ ប្រសិនបើពាក្យបណ្តឹងនេះ ដាក់ចូលតុលាការក្នុងស្រុក សម រង្ស៊ី ច្បាស់ជាប្រើលេសដដែលៗថា តុលាការមិនឯករាជ្យ ឬតុលាការតេឡេ ហើយបដិសេធមិនទទួលស្គាល់ សាលក្រមតុលាការដូចដែលខ្លួនធ្លាប់ បានធ្វើរាប់ដងមិនអស់។ ប៉ុន្តែ យើងនាំគ្នាចាំមើលម្តងនេះ ថាតើ សម រង្ស៊ី មានពាក្យអ្វីសម្រាប់ហៅតុលាការបារាំងដែរឬទេ? ឬមួយក៏តុលាការក្រុងប៉ារីស ជាតេឡេរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ?
ជាចុងក្រោយ ខ្ញុំសូមផ្តាំទៅ លោក សម រង្ស៊ី ផងថា ទោះជាតុលាការនៅស្រុកណាក៏ដោយ ការចោទប្រកាន់គេទាំងបំពានបែបនេះ គឺត្រូវតែចាញ់ក្តី ១០០%។ ដូច្នេះ សូមលោកសម រង្ស៊ី ត្រៀមប្រមូលរកភស្តុតាង ដើម្បីដោះបន្ទុកហើយជាពិសេស សូមត្រៀមចិត្ត ត្រៀមកាយទទួលយកសេចក្តីសម្រេច របស់តុលាការបារាំងឲ្យហើយទៅ ហើយបើនិយាយឲ្យខ្លីងាយយល់នោះគឺ បណ្តឹងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែនមួយនេះ មានន័យថា «ភ្លើងបានឆាបឆេះដល់ចិញ្ចើមភ្នែកសម រង្ស៊ីហើយ»៕
ដោយ៖ អ្នកតាមដាន នយោបាយតុកាហ្វេ