(សៀមរាប)៖ រដ្ឋបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានធ្វើការឆ្លើយតប ចំពោះការលើកឡើង ពាក់ព័ន្ធការផ្ដល់សេវាយឺតយ៉ាវ ពិសេសសេវាផ្ទេរកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងលើកទឹកចិត្តឲ្យពលរដ្ឋមកប្រើប្រាស់សេវាដោយផ្ទាល់ នៅការិយាល័យច្រកចេញចូលតែមួយ ជៀសប្រើអ្នករត់គេចក្រៅច្បាប់។
ខាងក្រោមនេះ ជាខ្លឹមសារបកស្រាយទាំងស្រុងរបស់រដ្ឋបាលស្រុកប្រាសាទបាគង៖
«ក្នុងនាមរដ្ឋបាលស្រុកប្រាសាទបាគង ខ្ញុំបាទបានចាត់តាំងឲ្យក្រុមការងារ ធ្វើការស្រាវជ្រាវចំពោះការលើកឡើង ថាមានការយឺតយ៉ាវ ក្នុងការផ្តល់សេវា ផ្ទេរកម្មសិទ្ធិដីធ្លី និងរកម្ចាស់គណនីខាងលើនេះ មកសាកសួរព័ត៌មានផ្ទាល់ ជាលទ្ធផល នៃការស្រាវជ្រាវ ទើបដឹងថា ឈ្មោះ ជូ សុទ្ធា មានមុខរបរ ជានាយកសាលាបឋមសិក្សាបន្ទាយចាស់ រស់នៅក្នុងក្រុងសៀមរាប បានពឹងពាក់ឲ្យឈ្មោះ ម៉ក់ វិរៈ ហៅ និន រត់ការឯកសារផ្ទេរសិទ្ធិ កាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជីដីមួយកន្លែងរបស់គាត់ដែលមានផ្ទៃក្រឡា ៣៨២ម៉ែត្រការ៉េ ស្ថិតក្នុងភូមិអូរ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
ក្រោយមក ឈ្មោះ ម៉ក់ វិរៈ ហៅ និន បានពឹងឈ្មោះ ឆាយ ឈន់ ឲ្យជួយរត់ការបន្ត។ បន្ទាប់ពីការពិនិត្យឯកសារជាក់ស្តែង ឃើញថា លោក ជូ សុទ្ធា បានផ្តិតមេដៃលើពាក្យស្នើសុំផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យដែលមិនទាន់ចុះបញ្ជី នៅសាលាឃុំកណ្តែក នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ និងរដ្ឋបាលស្រុកបានចេញ សេចក្តីជូនដំណឹងស្តីពីការចុះវាស់វែង នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៩។
ក្រុមការងារបានចុះវាស់វែង និងចេញប្លង់ក្បាលដីជាក់ស្តែង នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩។ បន្ទាប់ពីមានទិន្នន័យ និងឯកសារគ្រប់គ្រាន់តាមនីតិវិធី រដ្ឋបាលឃុំបានចុះហត្ថលេខា លើលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យ ដែលមិនទាន់ចុះបញ្ជីនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ហើយរដ្ឋបាលស្រុក បានចុះហត្ថលេខា នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៩ ដោយភ្ជាប់នូវបង្កាន់ដៃបង់ប្រាក់ចំនួន ៤០,០០០រៀល។
ដូចនេះបើពិនិត្យលើការផ្តល់សេវារបស់រដ្ឋបាលឃុំ និងស្រុកឃើញថា មានរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃស្នើសុំរហូតដល់ ថ្ងៃចេញលិខិតផ្ទេរសិទ្ធិជូន ដោយគិតទាំងថ្ងៃឈប់សម្រាកផង។ មានន័យថា រដ្ឋបាលស្រុកប្រាសាទបាគង ពុំដែលទុកឯកសារប្រជាពលរដ្ឋ រហូតដល់ទៅបួន ឬប្រាំខែ ដូចការលើកឡើងឡើយ។
បច្ចុប្បន្ន រដ្ឋបាលស្រុកប្រាសាទបាគង បានបើកដំណើរការយន្តការច្រកចេញចូលតែមួយ រួចហើយកាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ ក្នុងគោលបំណង ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានឆាប់រហ័សមានតម្លាភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។ ដូចនេះ ក្នុងនាម
រដ្ឋបាលស្រុកប្រាសាទបាគង ខ្ញុំបាទសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកទំនាក់ទំនងដោយផ្ទាល់ប្រើប្រាស់សេវា យន្តការច្រកចេញចូលតែមួយ របស់រដ្ឋបាលស្រុកប្រាសាទបាគង»៕