(ភ្នំពេញ)៖ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ នៅល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចេញវីដេអូថ្លែងអំណរគុណ ចំពោះមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់បំពេញភារកិច្ច ក្នុងដំណើរការប្រឡង។
លោករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងដូច្នេះថា «តាងឱ្យថ្នាក់ដឹកនាំក្រសួងអប់រំយុវជន និងកីឡា និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណ ចំពោះបេក្ខជន ក៏ដូចជាមាតាបិតា អាណាព្យាបាល បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរខេត្តក្រុង ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសគឺមន្ត្រីសុខាភិបាល មន្ត្រីនគរបាលជាតិ មន្ត្រីសន្តិសុខ ដែលបានជួយការពារមណ្ឌលប្រឡង មន្ត្រីរបស់អង្គភាពប្រឆាំងអំពើពុករលួយ ក៏ដូចជាជំនួយការអប្បមាទ សិស្សគរុកោសល្យ និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានចូលរួមនៅក្នុងការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ហើយបានធ្វើឱ្យដំណើរការប្រឡងនេះ ដំណើរការយ៉ាងរលូនក្នុងរយៈពេល២ថ្ងៃនេះ ហើយទទួលបានជោគជ័យ»។
សូមបញ្ជាក់ថា ដំណើរការសំណេរនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម័យប្រឡង៖ ១៩ សីហា ២០១៩ ត្រូវបានបញ្ចប់ដោយជោគជ័យ និងមិនមានហេតុការខុសប្រក្រតី កើតមានឡើងគួរឲ្យកត់សម្គាល់នោះទេ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ ដែលទើបចេញផ្សាយនៅល្ងាចថ្ងៃទី២០ ខែសីហានេះ។
ក្រសួងអប់រំបញ្ជាក់ថា ដំណើរការសំណេរ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី ១៩-២០ ខែសីហា ឆ្នាំ២០១៩ ដោយបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២ មណ្ឌល។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល ត្រូវជា ៤,៧២៥ បន្ទប់ ទូទាំងប្រទេស។
ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១,៨៣៨ នាក់ ស្រី ៦៩៦នាក់ ត្រូវជា១.៥៧ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ ថ្នាក់វិទ្យាសាស្ត្រមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។
ក្រសួងអប់រំបញ្ជាក់ថា «ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង១៩ សីហា ២០១៩ ដំណើរការបានល្អ និងដោយរលូនហើយ មិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើង គួរឲ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួន នូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់»។
មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ប្រមាណ ២ម៉ឺននាក់ និងគរុសិស្ស-និស្សិតជាជំនួយការអប្បមាទជិត ២,៥០០នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្តីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រសួងអះអាងទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី អង្គភាពប្រឆាំងអំពើពុករលួយ យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាជាង ២,០០០នាក់ កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងប្រជាការពារប្រមាណ ១០,០០០នាក់ មន្ត្រីសុខាភិបាលប្រចាំមណ្ឌលប្រឡងនិងមូលដ្ឋានសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងឡាយ។
ទោះបីអាកាសធាតុនៅតាមបណ្តាខេត្តមួយចំនួនក្តៅខ្លាំង និងមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ បេក្ខជនប្រព្រឹត្តកំហុសឆ្គង មានចំនួន០២ករណី ក្នុងនោះករណីដកហូតទូរស័ព្ទមាន ០១ករណី និងនាំសំណៅឯកសារចូលមាន០១ ករណី។
ដោយឡែកបេក្ខជន មានបញ្ហាសុខភាពមានចំនួន ១៥២ករណី បន្ទាប់ពីទទួលបានការសង្គ្រោះបឋម អាចបន្តការប្រឡងទៀតបានលើកលែង ១១ករណី ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ពុំអាចត្រឡប់មកបន្តការប្រឡងបាន។
ក្រសួងអប់រំបានបញ្ជាក់ទៀតថា តាមការគ្រោងទុកលទ្ធផលប្រឡងបាក់ឌុប នឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការតែមួយគត់របស់ ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh៕