(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យគណៈកម្មការចម្រុះកម្ពុជា-វៀតណាម ដែលជួបប្រជុំគ្នានៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ស្អែកនេះ ពិភាក្សាគ្នាទៅលើការងារព្រំដែន និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចពិភាក្សានោះទទួលបានជោគជ័យ។
ការជំរុញរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្តេចអនុញ្ញាតឱ្យឧបនាយករដ្ឋមន្ត្រី ផាម ប៊ិញមិញ រដ្ឋមន្រ្តីការបរទេសវៀតណាម ចូលជួបសម្តែងការគួរសមនៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះនៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានឱ្យដឹងថា ក្នុងជំនួបនោះសម្តេចតេជោ និងលោក ផាម ប៊ិញមិញ បានផ្លាស់ប្ដូរមតិមួយចំនួនពាក់ព័ន្ធទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងវៀតណាម។ សម្ដេចតេជោ បានផ្ដល់អនុសាសន៍មួយចំនួនដល់រដ្ឋមន្ត្រីការបរទេសវៀតណាម ដោយធ្វើយ៉ាងណាឱ្យកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាលើកទី១៧ នៅថ្ងៃស្អែកប្រព្រឹត្តទៅដោយជោគជ័យ និងឈរលើគោលការណ៍មិត្តភាព ការរីកចម្រើន និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
បើតាមលោក កៅ គឹមហួន, នៅក្នុងជំនួបនោះសម្តេចតេជោ បានលើកទឹកចិត្តឲ្យគណៈកម្មការចម្រុះពិភាក្សាលើការងារជំរុញកិច្ចសហប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងទ្វេភាគីគ្រប់វិស័យ។ ជាពិសេសការត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងការងារព្រំដែន រវាងប្រទេសទាំងពីរដោយសារបច្ចុប្បន្ន កិច្ចការងារព្រំដែននេះ បានបញ្ចប់ ៨៤ភាគរយហើយ នៅសល់ត្រឹម ១៦ភាគរយទៀតប៉ុណ្ណោះ ដែលគណៈកម្មការចម្រុះព្រំដែនកម្ពុជា-វៀតណាម នឹងបន្តធ្វើការងារនេះ។
ក្រៅពីពិភាក្សាការងារពាក់ព័ន្ធកិច្ចប្រជុំគណៈកម្មការចម្រុះនៃប្រទេសទាំងពីរហើយនោះ សម្តេចតេជោ ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសវៀតណាម ក៏បានពិភាក្សាលើការងារមួយចំនួនជុំវិញគម្រោងដំណើរបំពេញទស្សនកិច្ចរបស់សម្តេចនៅប្រទេសវៀតណាមនាខែកញ្ញាខាងមុខផងដែរ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យវៀតណាម រៀបចំវេទិកាទុរកិច្ចកម្ពុជា-វៀតណាម ក្នុងដំណើរទស្សនកិច្ចសម្តេចទៅកាន់វៀតណាមនោះ ធ្វើយ៉ាងណាផ្ដល់ឱកាសឱ្យកៀរគរវិនិយោគិនវៀតណាម មកកាន់ប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនថែមទៀត។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ត្រូវជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ឲ្យមានការកើនឡើងថែមទៀត ព្រោះបច្ចុប្បន្នទំហំពាណិជ្ជកម្ម កម្ពុជានិងវៀតណាម មានចំនួនច្រើនហើយ ជិត៦ពាន់លានដុល្លារ។
ក្នុងជំនួបនេះឧបនាយករដ្ឋមន្ត្រីវៀតណាម បានបង្ហាញការរីករាយ ដែលបានឃើញសមិទ្ធផល និងការរីកចម្រើនរបស់កម្ពុជា។ លោកបន្តថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសទៅលើវិស័យសេដ្ឋកិច្ច និងសំណង់។ លើសពីនេះទៀត លោកប្តេជ្ញាថា ក្នុងការទស្សនកិច្ចរបស់សម្ដេចតេជោ ទៅកាន់វៀតណាមខាងមុខនេះ ភាគីវៀតណាម នឹងត្រៀមធ្វើយ៉ាងណាឲ្យដំណើរការទស្សនកិច្ចនេះ ទទួលបានជោគជ័យ។
សូមបញ្ជាក់ថា លោក ផាម ប៊ិញមិញ នៅថ្ងៃទី២០ ខែសីហា នេះ បានដឹកនាំគណៈប្រតិភូវៀតណាម មកកាន់ប្រទេសកម្ពុជា។ នៅថ្ងៃទី២១ ខែសីហា លោកនឹងដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំគណៈកម្មការចម្រុះរវាងកម្ពុជា-វៀតណាម លើកទី១៧ ដែលរៀបចំដោយក្រសួងការបរទេសកម្ពុជា៕