(ភ្នំពេញ)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបតំណាងក្រុមហ៊ុនមីនេបៀ (MinebeaMitsumi) ដឹកនាំដោយ លោកប្រធាន Yoshihisa KAINUMA នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីពិភាក្សាការងារ និងស្តាប់របាយការណ៍វឌ្ឍនភាព របស់ក្រុមហ៊ុនមីនេបៀ លើការងារផ្នែកទីក្រុងវ័យឆ្លាត។
តំណាងក្រុមហ៊ុនបានថ្លែងអំណរគុណចំពោះ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានគាំទ្រ និងសហប្រតិបត្តិការលើគម្រោងទីក្រុងវៃឆ្លាត។ ក្រុមហ៊ុនបានដំឡើងអំពូល LED សម្រាប់ការបំភ្លឺផ្លូវពេលយប់ ហើយអំពូលភ្លើងនេះ បានចូលរួមក្នុងការសន្សំសំចៃ ការប្រើប្រាស់ចរន្តអគ្គិសនី។ អំពូលភ្លើងទាំងនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនជប៉ុន ដែលវិនិយោគនៅកម្ពុជា និងប្រើប្រាស់កម្លាំងពលរដ្ឋកម្ពុជា។
ក្រុមហ៊ុនមីនេបៀនេះ បាននិងកំពុងផលិតនូវផលិតផល ដែលមានបច្ចេកវិទ្យាខ្ពស់ ផ្តល់គុណប្រយោជន៍ ដល់បរិស្ថានស្របតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោកYoshihisa KAINUMA បានរំឭកថា លោកបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បានជួបពិភាក្សាការងារជាមួយសម្តេចតេជោ នាយករដ្ឋមន្ត្រី នៅអំឡុងពេលធ្វើទស្សនកិច្ច នៅប្រទេសជប៉ុនដើម្បីជម្រាបជូន សម្តេចអំពីគម្រោងទីក្រុងវៃឆ្លាត ហើយពេលនោះ សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការដំឡើងអំពូល ដែលសន្សំសំចៃចរន្តអគ្គិសនីនេះ ឱ្យបានច្រើននៅកម្ពុជា។
តាមលោកប្រធាន Yoshihisa KAINUMA គម្រោងនេះ ត្រូវបានអនុវត្តនៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ សរុបអំពូល LED ចំនួន ៧ ៣៥៩ បង្គោលដែលបម្រើឱ្យទម្រង់នៃទីក្រុងវៃឆ្លាត នឹងត្រូវដាក់បរតិបត្តិការនៅឆ្នាំនេះ។ បច្ចុប្បន្ននេះក្រុមហ៊ុនបានដំឡើងបានចំនួន ១ ១៨៧ បង្គោលនៅតាមមហាវិថីចំនួន ៣ នៅរាជធានីភ្នំពេញ។ ចំណែកនៅខេត្តសៀមរាប ក្រុមហ៊ុនបានចុះអនុស្សរណនៃការយោគយល់ជាមួយរដ្ឋបាលសាលាខេត្តសៀមរាបរួចហើយដើម្បីដំឡើង LED បន្ថែមចំនួន ៥០០ ទៀត។ គម្រោងនេះក៏នឹងអាចបន្តអនុវត្តនៅខេត្ត្តព្រះសីហនុដែរ។ នេះបើតាមការបញ្ជាក់របស់លោក Yoshihisa KAINUMA។
លោករដ្ឋមន្ត្រី សាយ សំអាល់ បានស្វាគមន៍នូវវឌ្ឍនភាពការងាររបស់ក្រុមហ៊ុនមីនេបៀ លើគម្រោងទីក្រុងវៃឆ្លាត តាមរយៈការប្រើប្រាស់អំពូលភ្លើង ដែលប្រើប្រាស់ចរន្តអគ្គិសនីតិចនេះដោយ លោកបានគូសបញ្ជាក់ថា ការប្រើប្រាស់ចរន្តអគ្គិសនីជាមួយនឹងអំពូល ដែលស៊ីភ្លើងតិចមិនមែនត្រឹមតែជួយសន្សំសំចៃចរន្តអគ្គិសនី ប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមកាត់បន្ថយការបំពុលដោយពន្លឺ ជួយសន្សំសំចៃថវិកា និងចូលរួមការពារបរិស្ថាន ហើយធ្វើឱ្យទីក្រុងមានផាសុកភាពក្នុងការរស់នៅ។
លោករដ្ឋមន្ត្រី សាយ សំអាល់ ក៏បានផ្តួចផ្តើមគំនិតរៀបចំសិក្ខាសាលា ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនមីនេបៀនេះ បង្ហាញនូវបច្ចេកវិទ្យាដែលជួយដល់បរិស្ថាននេះ ដល់ម្ចាស់បុរី និងម្ចាស់សំណង់នានា។ លោក សាយ សំអាល់ បានគូសបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជា គឺនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ពោលគឺមិនត្រឹមតែជាប្រទេសអ្នកមានទេ ប៉ុន្តែប្រជាពលរដ្ឋពោរពេញទៅដោយចំណេះដឹង ការទទួលខុសត្រូវ ប្រទេសកម្ពុជាប្រកបដោយផាសុកភាព ទីក្រុងគួរជាទីទាក់ទាញ និងមានសុខដុមរមណីយកម្មសង្គម៕