(ភ្នំពេញ)៖ បុរស២នាក់ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនជាបន្ដបន្ទាប់ ក្រោយទទួលពាក្យបណ្ដឹងថា បានកិបកេងលុយក្រុមហ៊ុន HSC Beverages Co.,Ltd (OISHI) ជាង ២លានដុល្លារសហរដ្ឋអាមេរិក។
បុគ្គលទាំងពីររូប ដែលត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនទី១៖ឈ្មោះ សុង សាក់លី តួនាទីជាអ្នកគ្រប់គ្រងទូទៅ ត្រូវចាប់ខ្លួននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ និងទី២៖ឈ្មោះ សម រតនៈ តួនាទីជាប្រធានគណនី ត្រូវបានចាប់ខ្លួនកាលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩កន្លងទៅ។
សមត្ថកិច្ចបានបញ្ជាក់ថា ការចាប់ខ្លួនបុរសទាំងពីររូបខាងលើនេះ ត្រូវបានឡើងតាមពាក្យបណ្ដឹងរបស់ក្រុមហ៊ុន HSC Beverages Co.,Ltd ដោយក្រុមហ៊ុនបានសង្ស័យ និងរកឃើញថា ចាប់តាំងពីឆ្នាំ២០១៧ ក្រុមហ៊ុនបានបាត់បង់ប្រាក់ចំណេញ ប្រមាណជាង២លានដុល្លារ។
មុនឈានដល់ការដាក់ពាក្យបណ្ដឹង កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ បុគ្គលឈ្មោះ សុង សាក់លី និងឈ្មោះ សម រតនៈ ព្រមទាំងអ្នកផ្សេងទៀតផងដែរ ដែលពាក់ព័ន្ធក៏បានធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ដើម្បីធ្វើសវនកម្មផ្ទៃក្នុង ប៉ុន្ដែក្រោយធ្វើកិច្ចសន្យាបុគ្គលទាំងពីរនាក់នេះ បានព្យាយាមគេចវេសមិនព្រមចូលខ្លួននោះឡើយ។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ ត្រូវបានសមត្ថកិច្ចកំពុងធ្វើការសួរនាំ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមនីតិវិធី៕