(ប៉ៃលិន)៖ លោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន និងក្រុមការងារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលដំណើរ ការស្ថាបនាផ្លូវក្រាលកៅស៊ូ ១ខ្សែ ទទឹង២០ម៉ែត្រ ប្រវែងជាង ៧គីឡូម៉ែត្រ ទៅកាន់រមណីយដ្ឋានទឹកធ្លាក់ ៧ជាន់ អូរតាវ៉ៅ ព្រមទាំងដោះស្រាយ ផលប៉ះពាល់ ដើម្បីបើកផ្លូវឱ្យទូលាយ និងសម្រេចការកសាងទៅតាមផែនការ ដែលបានគ្រោងទុក ក្នុងការផ្តល់សេវាឱ្យកាន់តែងាយស្រួល ក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ ដែលជាកត្តាជួយជំរុញកំណើនភ្ញៀវទេសចរណ៍ មកកម្សាន្តក្នុងខេត្តប៉ៃលិន។
លោក ផាន់ ចាន់ធុល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានខិតខំប្រឹងប្រែងដោះស្រាយនូវរាល់ការលំបាក និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានខិតខំកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ជាពិសេសការកសាងហេដ្ឋារចនាសម័ន្ធរូបវ័ន្តនានាដូចជា៖ ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ជាដើម ហើយបច្ចុប្បន្ននេះ រដ្ឋបាលខេត្តប៉ៃលិន បានខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធសាធារណៈនានា ជាពិសេសអភិវឌ្ឍន៍តំបន់ រមណីយដ្ឋានទេសចរណ៍នានា នៅក្នុងខេត្តឱ្យបានកាន់តែល្អឡើង ដើម្បីទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ មកកម្សាន្តក្នុងខេត្តប៉ៃលិន ឱ្យបានកាន់តែច្រើនឡើង ដែលជាកត្តាមួយចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចជីវភាព របស់ប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង។
លោក ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះ ឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា រមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវអូរតាវ៉ៅ ជារមណីយដ្ឋានធម្មជាតិល្បីជាងគេ នៅក្នុងខេត្តប៉ៃលិន ដែលមានទឹកធ្លាក់រហូតដល់៧ជាន់ ហើយមានចម្ងាយចេញពីផ្លូវជាតិលេខ៥៧ ប្រមាណជាង ៧គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិកូនខ្លុង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន៕