Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជាធ្វើជាម្ចាស់ផ្ទះប្តូរវេន រៀបចំកិច្ចប្រជុំលើកទី៤ រវាងរដ្ឋសភាកម្ពុជា ឡាវ វៀតណាម រយៈពេល៤ថ្ងៃ

20-08-2019 17:00

(ភ្នំពេញ)៖ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះប្តូរវេន រៀបចំកិច្ចប្រជុំលើកទី៤ ក្រោមប្រធានបទ «តួនាទី ភារកិច្ចក្នុងការពិនិត្យតាមដាន របស់គណៈកម្មការ-គណៈកម្មាធិការការពារជាតិ និងសន្តិសុខ នៃរដ្ឋសភាប្រទេសទាំង៣ កម្ពុជា ឡាវ វៀតណាម ក្នុងការកសាង សហប្រតិបត្តិការ និងអភិវឌ្ឍន៍ព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព»។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋសភាដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ។

ការរៀបចំកិច្ចប្រជុំនេះ នឹងធ្វើឡើងរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះ។ លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ នៃរដ្ឋសភា នឹងអញ្ជើញជាតំណាងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ចូលរួមក្នុង ពិធីបើកកិច្ចប្រជុំនេះ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ សណ្ឋាគារ រ៉េស៊ីដង់សុខាភ្នំពេញ រាជធានីភ្នំពេញ។

បើតាមសេចក្តីជូនដំណឹងដដែល បានឱ្យដឹងថា កិច្ចប្រជុំលើកទី៤នេះនឹងមានការចូលរួមពីប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រធានគណៈកម្មាធិការការពារជាតិ និងសន្តិសុខ របស់រដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ របស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ដោយពិភាក្សាលើប្រធានបទសំខាន់ៗ មួយចំនួនដូចជា៖

ទី១៖ លទ្ធផលការងារ និងទិសដៅអនុវត្តបន្តក្នុងការរក្សាសន្តិសុខតាមបណ្តោយព្រំដែន។

ទី២៖ វឌ្ឍនភាព និងតួនាទី ភារកិច្ចរបស់គណៈកម្មការ/គណៈកម្មាធិការក្នុងការពិនិត្យតាមដាន និងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែនមួយប្រកបដោយសន្តិភាព និងមិត្តភាព។

និងទី៣៖ ការពិនិត្យ ពិភាក្សា និងចុះហត្ថលេខា លើកំណត់ហេតុនៃកិច្ចប្រជុំលើកទី៤៕

ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖