(ពោធិ៍សាត់)៖ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានបន្តបើកសាវនាការ ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងនាមសមាជិកគ្រួសារតែមួយ នៅសាលាខេត្តពោធិ៍សាត់។
ការដោះស្រាយនេះ ត្រូវបានទទួលការសាទរ ពីប្រជាពលរដ្ឋនៅទីនោះ ដោយម្នាក់ៗមានទឹកចិត្តសប្បាយរីករាយ និងបានថ្លែងអំណរគុណ ជូនចំពោះលោកអភិបាលខេត្ត ដែលពួកគាត់ទទួល បានឪពុកម្តាយ ប្រកបដោយព្រហ្មវិហារធម៌ មានភាពទន់ភ្លន់ ម៉ឺងម៉ាត់ មិនលំអៀង ឈរលើគោលការណ៍សុក្រឹត្យ និងយុត្តិធម៌ មិនខ្លាចពីការនឿយហត់ ជួយដោះស្រាយទុក្ខលំបាកទាន់ពេលវេលា។ ជាមួយគ្នានោះ ប្រជាពលរដ្ឋក៏បានស្នើដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមរក្សាទុកអភិបាលខេត្តដ៏ល្អរូបនេះ នៅជាម្លប់ក្នុងខេត្តជារៀងរហូត។
សូមបញ្ជាក់ថា នៅរៀងរាល់ថ្ងៃចន្ទ ឬថ្ងៃសុក្រ ក៏ប៉ុន្តែលើកលែងដោយសារថ្ងៃចន្ទសប្តាហ៍នេះ ដោយសារលោកអភិបាលខេត្តលោកមានធុរៈបំពេញភារកិច្ចនៅក្រៅខេត្ត, លោកតែងតែបញ្ជ្រាបខ្លួន ចូលទៅក្នុងសមាជិកគ្រួសារតែមួយ បងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងនាមជាបង ជាប្អូន ជាកូន ជាក្មួយ ដោយយកតួនាទីអភិបាលខេត្តនៅដោយឡែក ដើម្បីស្វែងរកដំណោះស្រាយដោយផ្ទាល់ រាល់បញ្ហាប្រឈមនានាផ្សេងៗគ្នា ជូនបងប្អូនប្រជាពលរដ្ឋ។ ម្ល៉ោះហើយរាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន លោកពិតជាបានដឹងច្បាស់ និងទាន់ហេតុការណ៍ តាមរយៈការផ្តល់លេខទូរស័ព្ទទាំង ២ប្រព័ន្ធឲ្យប្រជាពលរដ្ឋខលចូល ដើម្បីដោះស្រាយ និងបម្រើពួកគាត់ ឲ្យបានទាន់ពេលវេលា៕