(ព្រះសីហនុ)៖ ស្រ្តីម្នាក់ បានស្រែកទ្រហោរប្រាប់ភ្នាក់ងារ Fresh News ថា ជាងកន្លះខែមកហើយ ដែលគាត់បាត់កូនស្រីអាយុ ៣ឆ្នាំ កំពុងស្រលាញ់ពេញដើមទ្រូង ដោយចោរលួចពីអង្រឹង យកទៅបាត់ គ្រាដែលគាត់ ទៅដេកលេងនៅផ្ទះមិត្តភក្តិមួយយប់។ ការបាត់កូនស្រីជាទីស្រលាញ់នេះដែរ ស្រ្តីរូបនេះ បានទៅដាក់ពាក្យបណ្តឹងនៅអាជ្ញាធរមូលដ្ឋានជាហូរហែដែល តែមិនទទួលបានលទ្ធផល រកឃើញកូនស្រីនៅឡើយ ។
ស្រ្តីរូបនេះ ឈ្មោះ សិញ ថុល អាយុ៤០ឆ្នាំ មានប្តីក្រោយឈ្មោះ ឌឿ ដេ អាយុ២៧ឆ្នាំ មុខរបរនេសាទ មានទីលំនៅ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹហាវ ខេត្តព្រះសីហនុ បានរៀបរាប់ទាំងទឹកភ្នែកថា សព្វថ្ងៃគាត់មានកូន២នាក់ រស់នៅក្នុងបន្ទុក ដោយកូនទី១ជាកូនស្រី របស់ប្តីដើមអាយុ ៧ឆ្នាំ និងកូនទី២ ដែលបាត់ខ្លួនជាកូនស្រីប្តីក្រោយ។
នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ កន្លងមកនេះ រូបគាត់បានទិញបង្កង២គីក្រូក្រាម រួចយកទៅ ហូបចុកនៅផ្ទះមិត្តភក្តិ ដែលគាត់តែងហៅថា «ម៉ែអាជេ» មានទីលំនៅមណ្ឌលអូរតាសេក ផ្ទះ៨០០ខ្នង ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ។ ក្រោយពេលហូបចុករួច នៅវេលាម៉ោង១០យប់ថ្ងៃនោះ គាត់បានត្រូវបានម្ចាស់ផ្ទះឃាត់ដេកនៅផ្ទះរបស់គេមួយយប់ គាត់ក៏យល់ព្រម ហើយចងអង្រឹងកណ្តាលផ្ទះឲ្យកូនស្រីឈ្មោះ ដេ គឹមឡាង អាយុ៣ឆ្នាំ ដេកលក់ទាំងអស់គ្នាជាមួយម្ចាស់ផ្ទះជាប្តីប្រពន្ធដោយមានចាក់សោរបងនិងគន្លិះទ្វារផ្ទះត្រឹមត្រូវ។
លុះភ្លឺឡើងក្រឡេកមើល ក្នុងអង្រឹងស្រាប់តែបាត់កូនស្រី មិនដឹងទៅណា ឯទ្វារផ្ទះ និងរបងចំហរធ្លុងក៏នាំគ្នាឆោ ឡោ ស្វែងរកកូនគ្រប់ទីកន្លែង តែរកមិនឃើញធ្វើឲ្យគាត់តក់ស្លុត និងយំលែងចេញ ។
ស្រី្តរូបនេះ បានរៀបរាប់ទាំងទឹកភ្នែកទៀតថា ក្រោយពីបាត់កូនស្រីតូច មិនដឹងទៅណារូបគាត់និងស្វាមី បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទំនប់រលក និងនៅអធិការដ្ឋាននគរបាល ស្រុកស្ទឹងហាវ ឲ្យជួយស្រាវជ្រាវរកកូន ហើយពេលនោះសមត្ថកិច្ច បានមកធ្វើកំណត់ហេតុ សួរនាំបានបន្តិចក៏ត្រឡប់ទៅវិញ ។
ចាប់ពីពេលនោះ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ នេះ កូនស្រីរបស់គាត់បាត់ដំណឹងឈឹង ធ្វើឲ្យគាត់អស់សង្ឃឹមខ្លាំងណាស់ ហើយពេលសួរសមត្ថកិច្ចម្តងៗ ហាក់ព្រងើយកន្តើយមិនរវីរវល់ជួយស្រាវជ្រាវ បែរជានិយាយបន្ទោសគាត់ថែមទៀតថា មកពីគាត់ធ្វេសប្រហែស…ខ្លួនគាត់ជាម្តាយមិនដឹងផង តើឲ្យសមត្ថ កិច្ចទៅស្រាវជ្រាវដឹងម្តេចកើត ?
គាត់បន្តទៀតថា អ្វីដែលគាត់មិនអស់ចិត្តនោះ គឺសមត្ថកិច្ចមិនបានហៅម្ចាស់ផ្ទះទៅសាកសួរ នាំដើម្បីស្រាវជ្រាវនោះទេ នៅគ្រាដែលគាត់សង្ស័យរឿងនេះ ពាក់ព័ន្ធនឹងម្ចាស់ផ្ទះលួចកូនគាត់យកទៅលក់ព្រោះមុនពេលចូលដេក ទាំងអស់គ្នាគាត់ឃើញម្ចាស់ផ្ទះបិទទ្វាររបង និងទ្វារផ្ទះត្រឹមត្រូវ លុះពេលជិតភ្លឺឡើងបាត់កូនពីអង្រឹង ឃើញទ្វារផ្ទះនិងរបងចំហ ថែមទាំងឃើញឆ្កែ ត្រូវបានគេចាប់ចងដាក់ក្នុងបន្ទប់ទឹកមិនឲ្យព្រុសទៀត ។
ដោយឡែកសព្វថ្ងៃនេះ ត្រូវបានអ្នកភូមិផងរបង ជាមួយចំអកឡកឡឺយដាក់គាត់ថា គាត់យកកូនទៅលក់ បានជាមិនសូវរវីរវល់ តាមរកកូនឲ្យឃើញ ។
ដោយហេតុនេះហើយ ធ្វើឲ្យគាត់ឈឺចិត្តណាស់ ម្តាយណាមិនស្រ លាញ់កូន? ម្តាយឯណាយកកូនជាទីស្រលាញ់ស្មើជីវិតទៅលក់? ដូចជាអយុត្តិធម៌ពេកហើយ សម្រាប់រូបគាត់ ។ យ៉ាងណាស្រី្តរូបនេះ ក៏បានសូមអំពាវ នាវដល់បងប្អូនណាបានឃើញ កូនស្រីមានភិនភាគដូចក្នុងរូបថតនេះ មេត្តាផ្តល់ដំណឹងនេះ ដល់រូបគាត់ផងគាត់នឹងជូនសគុណ ។
ទាក់ទិននឹងរឿងនេះ លោក រស់ កី អធិការនគរបាល ស្រុកស្ទឹងហាវ បានឲ្យដឹងថា ពិតជាមានរឿងនេះកើតឡើង មែន ហើយសមត្ថកិច្ចរបស់លោក ក៏មិនមែនព្រងើយកន្តើយ ក្នុងការស្រាវជ្រាវនោះដែរ ។ លោកអធិការបន្តថា ដោយសារគ្មានតម្រុយ និងមិនមានភស្តុតាងណាមួយ ដើម្បីដាក់បន្ទុក ក្នុងករណីបាត់ក្មេងនេះ ធ្វើឲ្យសមត្ថកិច្ចរបស់លោកខិតខំ បន្តស្រាវជ្រាវ ដោយដាក់ការសង្ស័យក្រៅផ្លូវការថា៖
ទី១៖ អាចជាល្បិចកលរបស់ស្រ្តីជាម្តាយ ធ្វើដើម្បីឲ្យប្តីដែលចុះទូកនេសាទត្រីរាប់ខែឆាប់មកផ្ទះវិញ
ទី២៖ អាចក្មេងរងគ្រោះចុះពីអង្រឹង ពេលចាស់ៗដេកលក់ ហើយវារទៅធ្លាក់ស្រះចិញ្ចឹមត្រីឆ្តោលង់ស្លាប់ហើយ ត្រីស៊ីជាចំណីបំបាត់សពផងក៏មិនដឹង ព្រោះថា ផ្ទះនោះសង់ជាប់នឹងស្រះចិញ្ចឹមត្រីឆ្តោធំៗណាស់
ទី៣៖ បើយល់ថា មានគេចូលទៅលួចក្មេង យកទៅលក់ដូចមិនសម ព្រោះតាមការពិនិត្យស្រាវជ្រាវជាក់ស្តែង និងបង្ហាញពីសាក្សីនៅកន្លែងកើតហេតុឃើញថា គ្មានអ្វីប្រែប្រួលនោះទេ។
នេះគ្រាន់តែជាការសន្និដ្ឋានក្រៅផ្លូវការប៉ុណ្ណោះ ខណៈដែលលោកអធិការអះអាងថា កំពុងស្រាវជ្រាវបន្តរឿងនេះនៅឡើយ៕