(ត្បូងឃ្មុំ)៖ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងខេត្តត្បូងឃ្មុំ បេក្ខជនជាង ៤០០០នាក់ បានចូលរួមប្រឡង។ បេក្ខជនបានចេញពីផ្ទះ ទៅប្រឡងតាមមណ្ឌលប្រឡងនានា ទៅតាមបញ្ជីឈ្មោះ ដែលតម្រូវឲ្យទៅស្នាក់នៅ នៅជិតមណ្ឌលប្រឡង ដើម្បីងាយស្រួលធ្វើដំណើរ។
ដោយមើលឃើញការលំបាក លើការចំណាយ និងស្នាក់នៅរបស់សិស្ស ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងជាអនុប្រធានទី១ ក្រុមការងារថ្នាក់ កណ្តាលគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តត្បូងឃ្មុំ បានឲ្យក្រុមការងារចុះសួរសុខទុក្ខ និងត្រួតពិនិត្យទីកន្លែងស្នាក់នៅរបស់សិស្សានុសិស្ស ក៏ដូចជាសុខភាពរបស់សិស្ស។
ក្នុងនាមប្រធានក្រុមការងារចុះជួយស្រុក-ក្រុងទាំង៧ និងក្រុមការងារចុះជួយឃុំ-សង្កាត់ទាំង៦៤ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា និងលោកស្រី បានរ៉ាប់រងលើការចំណាយហូបចុក ស្នាក់នៅរបស់សិស្សទាំង៦ស្រុក និង១ក្រុង ដែលបានមកប្រឡងសញ្ញាបត្រទុតិយភូមិទាំងអស់នៅក្រុងសួង និងស្រុកត្បូងឃ្មុំ។ នេះបើតាមការបញ្ជាក់ពីលោក ម៉ឹង សុខ លាត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំរកាខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។
សូមរំលឹកថា កាលពីឆ្នាំ២០១៨ កន្លងទៅលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានផ្តល់ជូនម៉ូតូ១គ្រឿង និងថវិកា ២០០$ ដល់សិស្សនិទ្ទេស A រីឯសិស្សនិទ្ទេសផ្សេងទទួលបានថវិកាចំនួន១០០ ០០០រៀល។
មាតាបិតា អាណាព្យាបាលសិស្សទាំងអស់ ក្នុងខេត្តត្បូងឃ្មុំ បានសម្តែងនូវការរីករាយ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា និងលោកស្រី ព្រមទាំងក្រុមការងារទាំងអស់។
ពាក់ព័ន្ធនឹងដំណើរការប្រលងមធ្យមសិក្សាទុតិយភូមិ ក្នងឆ្នាំ២០១៩ នៅខេត្តត្បូងឃ្មុំ បានប្រព្រឹត្តទៅល្អធម្មតា ក្នុងនោះមណ្ឌលប្រលងនៅទូទាំងខេត្តត្បូងឃ្មុំមានចំនួន ៧មណ្ឌល ស្មើនឹង ១៧០បន្ទប់ និងមានបេក្ខជនសរុប ៤,២១១នាក់ ស្រី ២,២៨៨នាក់។
រដ្ឋបាលខេត្តត្បូងឃ្មុំ ដែលមានលោក ជាម ច័ន្ទសោភ័ណ បានយកចិត្តទុកដាក់ខ្ពស់ ដោយបានចាត់តាំងកម្លាំងការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ នៅតាមមណ្ឌលប្រលងមធ្យមសិក្សាទុតិយភូមិទាំង៧មណ្ឌល យ៉ាងល្អប្រសើរ និងមន្ទីរសុខាភិបាលខេត្ត ធានាលើបញ្ហាសុខភាពសិស្ស៕