(ភ្នំពេញ)៖ ប្រព្រឹត្តការណ៍ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) រយៈពេលពីរថ្ងៃពេញ បានបិទបញ្ចប់ទាំងស្រុងហើយ នៅវេលាម៉ោង៤៖៣០នាទីល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ជាមួយបរិយាកាសយ៉ាងល្អប្រសើរ ខណៈដែលសន្ដិសុខ សណ្ដាប់ធ្នាប់ ត្រូវបានធានាយ៉ាងមានរបៀបរៀបរយ ដោយកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ។
បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន ១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន១២៧មណ្ឌល។
សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមផ្ទាល់ពីសំណាក់ បុគ្គលិកអប់រំសរុប ១៧,៤៣០នាក់ ក្នុងនោះរួមមាន អប្បមាទ៦០៦នាក់, ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់, អនុរក្ស១០៦៣១នាក់, ប្រធានមណ្ឌល២០២, គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល ២,៤០៥នាក់។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ជាក់ថា ដូច៥ឆ្នាំកន្លងមក កម្រិតជោគជ័យក្នុងការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពឹងផ្នែកលើកិច្ចសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
យោងលើគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល ទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានបន្តទទួលកិច្ចសហការជិតស្និទ្ធ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធមន្ដ្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា៕