(ភ្នំពេញ)៖ ថ្មីៗនេះក្រុមហ៊ុនទូរស័ព្ទដៃ OPPO បានប្រកាសឈ្មោះបុគ្គលពីររូប ដែលនឹងទទួលបន្ទុកការងារថ្មី ដ៏មានសារសំខាន់ ដើម្បីជំរុញការអភិវឌ្ឍរួមរបស់ OPPO ទៅលើទីផ្សារសកលរបស់ពួកគេ និងកិច្ចការផ្តល់ជូនអតិថិជននៅជុំវិញពិភពលោក នូវផលិតផលពិត សេវាកម្មឆ្លាតវៃដែលមានគុណភាព នៅក្នុងយុគសម័យថ្មីៗ ដែលតែងតែដើរទៅមុខឥតឈប់ឈរ។
ពួកគេទាំងពីរ គឺជាបុគ្គលដែលមានសមត្ថភាពខ្ពស់ ក្នុងការជំរុញកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងលទ្ធភាពនៃការលក់ផលិតផលរបស់ពួកគេ ឱ្យកាន់តែទូលំទូលាយជាងមុន ដែលមានឈ្មោះលោក Alen Wu ដែលត្រូវបានក្រុមហ៊ុនតែងតាំងជា អនុប្រធាននិងជាប្រធានផ្នែកលក់សកល (Vice President and President of Global Sales) ដែលលោកធ្លាប់ធ្វើជាអនុប្រធាននិងជាប្រធានធុរកិច្ចអន្តរជាតិ (Vice President and President of International Business)។
បុគ្គលមួយរូបទៀត គឺលោក Brian Shen ដែលធ្លាប់កាន់មុខតំណែងជាអនុប្រធាននិងជាប្រធានក្រុមហ៊ុនតំបន់ចិនដីគោក (Vice President and President of Mainland China Business) ត្រូវបានតែងតាំងមុខតំណែងជា អនុប្រធាននិងជាប្រធានផ្នែកទីផ្សារសកល (Vice President and President of Global Marketing) ដោយពួកគេទាំងពីរនឹងត្រូវទទួលការងារសំខាន់បន្ទាប់ពី លោក Tony Chen ជា CEO របស់ OPPO Global។
ទាក់ទងនឹងការតែងតាំងតួនាទីថ្មីនេះ លោក Tony Chen បានថ្លែងយ៉ាងដូច្នេះថា៖ «ក្រុមហ៊ុនទូរស័ព្ទដៃ OPPO តែងតែដំណើរការអាជីវកម្ម របស់ខ្លួនដោយភាពជឿជាក់ និងឈរនៅលើចក្ខុវិស័យជាសកលដ៏រឹងមាំ គឺ “One Market, One OPPO” ព្រោះពួកយើងចាត់ទុកទីផ្សារសកល ជាទីផ្សារមួយដែលពួកយើងត្រូវតែផ្តោតការធ្វើសមាហរណកម្មធនធាននៅទូទាំងពិភពលោក ដើម្បីកិច្ចការអភិវឌ្ឍន៍របស់ពួកយើង។ ដូច្នេះទាំងលោក Alen Wu និងលោក Brian Shen គឺជាអ្នកគ្រប់គ្រងដ៏ឆ្នើម ដែលមានសមត្ថភាពទទួលបន្ទុកការងារនេះ ដើម្បីក្រុមហ៊ុនស្មាតហ្វូន OPPO របស់យើង! ហើយខ្ញុំជឿជាក់លើលើការដឹកនាំរបស់ពួកគេ ក្នុងការបន្តនាំឆ្ពោះក្រុមការងារសកលរបស់ពួកយើង ឱ្យដំណើការទៅមុខប្រកបដោយទំនុកចិត្ត និងរីកចម្រើនបន្ថែមទៀត»។
សូមបញ្ជាក់ថា លោក Alen Wu ធ្លាប់បានបម្រើការងារជាប្រធានធុរកិច្ចអន្តរជាតិនៅ OPPO ចាប់តាំងពីខែឧសភា ឆ្នាំ២០១៨ ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ក្នុងឋានៈលោកជាអ្នកដឹកនាំម្នាក់ លោកបានចូលរួមចំណែកដ៏សំខាន់ ដែលធ្វើឱ្យ OPPO ទទូលបានជោគជ័យក្នុងទីផ្សារអន្តរជាតិ និងពង្រីកបាននូវបណ្តាញក្រុមហ៊ុនជាច្រើនទៀត។
ចំណែកលោក Brian Shen ធ្លាប់បម្រើការងារជាប្រធានក្រុមហ៊ុន OPPO ប្រចាំតប់ចិនដីគោក ចាប់ពីខែឧសភា ឆ្នាំ២០១៨ដូចគ្នា ប៉ុន្តែលោកមានសមត្ថភាពធ្វើឱ្យ Brand OPPO ឈានមុខគេនៅក្នុងទីផ្សារប្រទេសចិន ដោយលោកមានយុទ្ធនាការពង្រីកទីផ្សារ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងការសហការគ្នាល្អជាមួយ Brand ល្បីៗជាច្រើនទៀតនៅលើពិភពលោក៕