(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុន ប្រចាំនៅកម្ពុជា លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា ជួយកៀងគរវិនិយោគិនពីប្រទេសជប៉ុន មកបណ្តាក់ទុនលើការផលិតគ្រឿងបង្គុំ និងសម្ភារទោចក្រយាន ដើម្បីលើកស្ទួយឧស្សាហកម្មកម្មន្តសាល និងជំរុញការនាំចេញផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ។
នៅក្នុងជំនួបពិភាក្សា ជាមួយឯកអគ្គរាជទូតជប៉ុន ដែលបានចប់អាណត្តិ នៅទីស្តីការក្រសួងពាណិជ្ជកម្ម នាព្រឹកថ្ងៃ ទី២០ ខែសីហា ឆ្នាំ២០១៩នេះ លោក ប៉ាន សូរស័ក្តិ បានជម្រាបជូនភាគីជប៉ុន អំពីកំណែទម្រង់ និងវិធានការសម្រួលពាណិជ្ជកម្ម ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងឱកាសធុរកិច្ច ដែលវិនិយោគិនជប៉ុនអាចកើបយកប្រាក់ចំណេញ ពីការផលិត និងនាំចេញទៅកាន់ប្រទេសទីបី។
លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា «កម្ពុជា គឺជាប្រទេសនាំចេញកង់ធំបំផុតលំដាប់ទី២ ក្នុងពិភពលោក ទៅកាន់ទីផ្សារអឺរ៉ុប ប៉ុន្តែសម្ភារ និងគ្រឿងបង្គុំមួយចំនួន ត្រូវនាំចូលពីប្រទេសក្នុងតំបន់ ដូច្នេះបើសិនមានក្រុមហ៊ុន ផលិតកង់ដូចជា Shimano មកវិនិយោគលើឧស្សាហកម្មនេះ គឺពិតជារឿងប្រសើរបំផុត ពីព្រោះយើងកំពុងប្រែក្លាយពីប្រទេសប្រើប្រាស់កម្លាំង ទៅជាប្រើប្រាស់ជំនាញ ដើម្បីជំរុញការធ្វើពិពិធកម្មកំណើនសេដ្ឋកិច្ច ដូចបានកំណត់នៅក្នុងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥»។
លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណ លោកឯកអគ្គរាជទូត និងរដ្ឋាភិបាលជប៉ុន ដែលបានផ្តល់ជំនួយឥតសំណងយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់ប្រទេសកម្ពុជា ដើម្បីកសាងលទ្ធិប្រជាធិបតេយ្យ និងអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច។ ទន្ទឹមគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើភាគីជប៉ុន បន្តជួយគាំទ្រការអភិវឌ្ឍកម្ពុជាថែមទៀត រាប់តាំងពីវិស័យអប់រំ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងអភិវឌ្ឍន៍ជនបទ -ល-។
ជាការឆ្លើយតប លោក ហូរីណូអូជិ ហ៊ីដេអ៊ីហ្សា បានសម្តែងសេចក្តីសោមន្ស ចំពោះវឌ្ឍនភាពទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ គ្រប់វិស័យរវាងកម្ពុជា-ជប៉ុន និងបានកោតសរសើរ អំពីកំណែទម្រង់មុតស្រួច ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយសម្រួលការធ្វើធុរកិច្ច របស់វិនិយោគិនជប៉ុន ជាពិសេសការនាំចូលទំនិញ នៅតាមមាត់ច្រកព្រំដែន។
លោកឯកអគ្គរាជទូត ក៏បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះអនាគតរបស់ប្រទេសកម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងបានសន្យាបន្តជួយគាំទ្រ ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា តាមរយៈការជំរុញវិនិយោគិនជប៉ុន ឲ្យចូលមកបណ្តាក់ទុនកាន់ច្រើនថែមទៀត ដើម្បីបង្កើតការងារជូនប្រជាជន និងចូលរួមកាត់បន្ថយភាពក្រីក្រ៕