(ភ្នំពេញ)៖ ប្រជាពលរដ្ឋប្រមាណ ៤០០នាក់ មកពីស្រុកសន្ទុក ខេត្តកំពង់ធំ ក្នុងនោះរួមមាន ព្រះសង្ឃបាននិមន្ត និងទទួលការព្យាបាលជំងឺភ្នែករួមមាន៖ បកភ្នែកឡើងបាយ និងព្យាបាលមាត់ធ្មេញឥតគិតថ្លៃពី ក្រុមគ្រូពេទ្យស័្មគ្រចិត្តមកពីអង្គការជំនួយមនុស្សធម៌ ដើម្បីសុខភាពអូស្រ្តាលី ក្រោមកិច្ចសម្របសម្រួលពីមូលនិធិចក្ខុខែ្មរ និងក្រោមការឧបត្ថមពីលោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
កម្មវិធីនេះរៀបចំរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងគ្លីនិកធ្មេញនៃសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ក្រោមការឧបត្ថមពីលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា ព្រមទាំងការចូលរួមពី គ្រឹះស្ថានធនាគារឯកជនរួមមាន៖ ធនាគារ MayBank CIMB គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់, ធនាគារឯកទេស Aeon, ធនាគារឯកទេស WING និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ WB Finance ព្រមទាំងមានការចូលរួមយ៉ាសកម្មពី ក្រុមការងារយុវជនស័្មគ្រចិត្តធនាគារជាតិនៃកម្ពុជា។
សកម្មភាពមនុស្សធម៌នេះដឹកនាំដោយលោកស្រី ជា សិរី ប្រធានក្រុមការងារយុវជនស័្មគ្រចិត្ត ធនាគារជាតិនៃកម្ពុជា។ ក្នុងនោះលោកស្រីឲ្យដឹងថា ប្រជាពលរដ្ឋដែលមកពិនិត្យភ្នែក និងបកភ្នែកឡើងបាយមានប្រមាណ២៧៥នាក់ និងព្យាបាលជំងឺមាត់ធ្មេញមាន១២៥នាក់។
សូមជម្រាបថា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩កន្លងមកលោកស្រី ជា សិរី អគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជា និងក្រុមការងារយុវជនស័្មគ្រចិត្តធនាគារជាតិនៃកម្ពុជា សហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃមូលនិធិចក្ខុខែ្មរ, អង្គការជំនួយមនុស្សធ៌ម ដើម្បីសុខភាពអូស្រ្តាលី បានចុះទៅពិនិត្យនិងព្យាបាលជម្ងឺភែ្នក-ត្រចៀក និង ពិនិត្យធ្មេញឥតគិតថ្លៃជូនប្រជាពលរដ្ឋចំនួន១២០០នាក់ នៅក្នុងស្រុកសន្ទុកខេត្តកំពង់ធំ។
លោកស្រី ជា សិរី បញ្ជាក់ថា សកម្មភាពមនុស្សធម៌ជួយព្យាលបាលជំងឺទ្រង់ទ្រាយធំ ជូនប្រជាពលរដ្ឋនៅក្នុងស្រុកសន្ទុកមិនមែនជាលើកទី១ទេ គិតចាប់ពីឆ្នាំ២០១៧មកដល់ពេលលើកគឺ ជាលើកទី៣ហើយក្រោមការជួយឧបត្ថម្ភពីលោក ជា ចាន់តូ និងលោកស្រី ខៀវ ស៊ីណា និងដឹកនាំផ្ទាល់ពីលោកស្រី ជា សិរី និងក្រុមការងារយុវជនស័្មគ្រចិត្ធនាគារជាតិនៃកម្ពុជា សហការនឹងក្រុមគ្រូពេទ្យស័្មគ្រចិត្ត។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋមកពិនិត្យ និងព្យាលបាលជំងឺពេលនេះមានជាង៤០០នាក់ រយៈពេល៣ថ្ងៃនេះក៏ទទួលបានការសម្របសម្រួល និងការជួយឧបត្ថម្ភអាហារចំនួន៣ពេលពី ក្រុមការងារយុវជនស្ម័គ្រចិត្ត ធនាគារជាតិនៃកម្ពុជាផងដែរ។
សម្រាប់ថ្ងៃទី២០ ខែសីហាឆ្នាំ២០១៩ លោកស្រី ខៀវ ស៊ីណា ជាតូអនុប្រធានទី១ កិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមការងាររបស់ខ្លួន អញ្ជើញចុះជួបសាកសួសុខទុក្ខ ដល់ប្រជាពលរដ្ឋដែលមកពិនិត្យ និងព្យាបាលជំងឺដល់កន្លែងស្នាក់នៅទៀតផង។
លោកស្រី ខៀវ ស៊ីណា ជាចាន់តូ បានឲ្យដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចប្រធានក្រុមការងារចុះជួយស្រុកសន្ទុក តែងតែគិតគូនិងនៅជិតជាប់ជានិច្ច ជាមួយសុខទុក្ខប្រជាពលរដ្ឋគ្រប់ពេលវេលា មិនដែលបោះបង់បងប្អូនចោលឡើយ ជាក់ស្ដែងដូចការចុះជួយព្យាបាលប្រជាពលរដ្ឋនេះស្រាប់។
លោកស្រីបន្ដថា ដូចនេះសូមបងប្អូនជឿជាក់ និងគាំទ្រចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល និងកាកបាទក្រហមកម្ពុជា និងសូមជូនពរដល់ប្រជាពលរដ្ឋ មកពិនិត្យព្យាបាលជំងឺទាំងអស់ ឲ្យបានឆាប់ជាសះស្បើយគ្រប់ៗគ្នា៕