(កំពង់ធំ)៖ អាជ្ញាធរស្រុកសណ្ដាន់ សហការជាមួយមន្ទីរសុខាភិបាលខេត្តកំពង់ធំ និងអង្គការអាដ្រា នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានប្រារព្ធទិវាសប្តាហ៍ពិភពលោក បំបៅកូនដោយទឹកដោះម្តាយ ក្រោមប្រធានបទ «យើងទាំងអស់គ្នាគាំទ្រការបំបៅកូនដោយទឹកដោះម្តាយ» ដែលបានធ្វើឡើងនៅភូមិក្លែង ឃុំក្លែង ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ឲ្យកាន់តែជ្រាបច្បាស់ពីសារសំខាន់ នៃការបំបៅកូនដោយទឹកដោះម្ដាយ។
កម្មវិធីនេះធ្វើឡើងក្រោមវត្តមាន លោក ឡង់ គីសឹង អភិបាលស្រុកសណ្ដាន់ ដោយមានការជួយឧបត្ថម្ភគាំទ្រពីអង្គការអាដ្រាកម្ពុជា គម្រោងអោប និងមានការចូលរួមពីលោក រ័ត្ន រម្យនា ប្រធានគម្រោងអោបប្រចាំខេត្តកំពង់ធំ និងខេត្តព្រះវិហារ រួមទាំងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរ ភូមិ ឃុំ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ៣៥៩នាក់។
លោក រ័ត្ន រម្យនា បានលើកឡើងថា ការរៀបចំសប្តាហ៍ពិភពលោកបំបៅកូនដោយទឹកដោះម្តាយ មានគោលបំណងដើម្បីពង្រឹងការយល់ដឹងរបស់ម្តាយរួមមាន៖
*ទី១៖ ម្តាយត្រូវចាប់ផ្តើមបំបៅទារក ដោយទឹកដោះម្តាយភ្លាម ក្នុងអំឡុងពេល១ម៉ោងដំបូង បន្ទាប់ពីសម្រាលកូនរួច ដែលនឹងត្រូវផ្តល់ទឹកដោះដំបូងដ៏មានសារប្រយោជន៍
*ទី២៖ ត្រូវផ្តល់ទឹកដោះម្តាយតែមួយមុខគត់ ដល់ទារកក្នុងអំឡុងពេល៦ខែដំបូង នៃជីវិតរបស់ពួកគេ
*ទី៣៖ ត្រូវបន្តបំបៅកូនដោយទឹកដោះម្តាយ រហូតដល់កុមារអាយុ២ឆ្នាំ យ៉ាងតិចព្រមទាំងផ្តល់អាហារបន្ថែមឲ្យបានសមស្រប។
លោក ឡង់ គីសឹង បានលើកឡើងថា ដោយយោងតាមរបាយការណ៍នៃការអង្កេតប្រជាសាស្ត្រ និងសុខភាព ឆ្នាំ២០១៤ បានបង្ហាញអំពីលទ្ធផលនៅក្នុងប្រទេសកម្ពុជា ការអនុវត្តបំបៅកូនដោយទឹកដោះម្ដាយពេញលេញ នៃការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់ បានធ្លាក់ចុះពី ៧៣.៥% នៅឆ្នាំ២០១០ មកត្រឹម៦៤.៦%នៅឆ្នាំ២០១៤។ ការចាប់ផ្ដើមបំបៅកូនដោយទឹកដោះម្ដាយភ្លាម ក្នុងម៉ោងដំបូង បន្ទាប់ពីសម្រាលរួច និងការបន្តបំបៅកូនដោយទឹកដោះម្ដាយ រហូតដល់អាយុ១២ខែ ត្រូវបានរកឃើញថា ធ្លាក់ចុះពី៦៥.៣%មកត្រឹម ៦២.៦% និងធ្លាក់ចុះពី ៨៣% មកត្រឹម៨០%។ បន្ថែមពីនេះការផ្ដល់អាហារបន្ថែមមុនអាយុ ដែលបានកំណត់មានការកើនឡើងគួរឱ្យកត់សម្គាល់ ទាំងនៅតាមទីប្រជុំជន និងជនបទនៅរវាងឆ្នាំ២០១០ ដល់ឆ្នាំ២០១៤។
លោក ឡង់ គីសឹង បានបន្ថែមថា ដោយមើលឃើញពីអត្រានៃការធ្លាក់ចុះទាំងនេះ គឺជាកិច្ចការដ៏បន្ទាន់បំផុត ដើម្បីធ្វើឱ្យការអនុវត្តការបំបៅកូនដោយទឹកដោះម្ដាយតែមួយមុខគត់នៅទូទាំងប្រទេស មានភាពប្រសើរឡើងវិញ។ ទន្ទឹមនឹងនេះក៏បានរកឃើញនូវមូលហេតុជាច្រើន ដែលបណ្ដាលឱ្យមានការធ្លាក់ចុះ នូវអត្រាបំបៅកូនដោយទឹកដោះម្ដាយ ដូចជា៖ ការធ្វើចំណាកស្រុក កង្វះខាតចំណេះដឹងអំពីការបំបៅដោះកូនដោយទឹកដោះម្ដាយ ទំនៀមទម្លាប់វប្បធម៌ ការខ្វះខាតការគាំទ្រពីសមាជិកគ្រួសារ និងមានការរីករាលដាល នៃការផ្សព្វផ្សាយលក់ផលិតផលជំនួសទឹកដោះម្ដាយ (ម្សៅទឹកដោះគោផ្សំតាមរូបមន្ត)។
ជាមួយគ្នានោះដែរ លោកបានផ្តាំផ្ញើដល់ម្តាយគ្រប់រូប ត្រូវយកចិត្តទុកដាក់បំបៅដោះកូនដោយទឹកដោះម្តាយ ដើម្បីជួយកុមារទទួលបានការចាប់ផ្តើម ជីវិតដ៏ល្អបំផុត និងអាចជួយកាត់បន្ថយពីជម្ងឺទៀតផង៕