(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកឡើងថា អាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន នឹងបង្កើត App លើទូរស័ព្ទដៃ ដើម្បីផ្ដល់ព័ត៌មានរហ័ស ឲ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលសមត្ថកិច្ចមិនបានទៅដល់ តាមរយៈ App ដែលមាននៅលើទូរស័ព្ទដៃ ទាំងសារគ្រប់ទិដ្ឋភាព អក្សរ រូបភាព និងវីដេអូ។

ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានធ្វើឡើងនៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ជើញជាតំណាងរបស់ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាងផែនការជាតិ៥ឆ្នាំ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៩-២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា ស្របពេលដែលពិភពលោកវិវត្តន៍បែបបច្ចេកវិទ្យា និងប្រព័ន្ធអេឡិចត្រូនិច និងស្របពេលដែលកម្ពុជាយើង កំពុងមានការរីកចម្រើននៅផ្នែកសេដ្ឋកិច្ច ហើយប្រជាពលរដ្ឋពេញនិយម និងប្រើប្រាស់ស្មាតហ្វូន (Smart phone) និងការដំឡើង App មួយនេះមានសារៈសំខាន់មួយសម្រាប់ផ្ដល់ព័ត៌មានរហ័ស ហើយអាចឱ្យប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង ដែលសមត្ថកិច្ចមិនបានទៅដល់ ឬក៏អាជ្ញាធរមានសមត្ថកិច្ចធ្វើកិច្ចការងារមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងគ្រឿងញៀនចូលទៅដល់ គាត់អាចផ្ញើចូលប្រសិនបើគាត់មាន App សម្រាប់ប្រើ ដែលជាប្រព័ន្ធមួយឱ្យយើងអាចបញ្ចូនសារគ្រប់ទិដ្ឋភាពទៅកាន់គាត់ទាំងអក្សរ ទាំងរូបភាព»។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងបញ្ជាក់ថា ការបង្កើតឱ្យមាន App រាយការណ៍ដោយសម្ងាត់ របស់អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀននេះ គឺដើម្បីផ្ដល់ភាពងាយស្រួល និងធានាពីសុវត្ថិភាព ជូនទៅដល់ប្រជាពលរដ្ឋ ក្នុងការរាយការណ៍ព័ត៌មានផ្សេងៗ ទាក់ទងទៅនឹងការជួញដូរគ្រឿង ការចែកចាយគ្រឿង ការសេពគ្រឿងញៀន នៅក្នុងមូលដ្ឋានរបស់ខ្លួន ក្នុងការធានាបាននូវភូមិឃុំមានសុខសុវត្ថិភាព និងគ្មានការប្រើប្រាស់គ្រឿងញៀន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «តទៅយើងនឹងអនុវត្តភ្លាមហើយ សូមគោលការណ៍ ពីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន យើងនឹងអនុវត្តន៍ភ្លាម»

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់ថា App គឺជាការផ្ដល់ព័ត៌មានឱ្យគ្នាទៅវិញទៅមកដោយឆាប់រហ័ស និងទាន់សម័យ ដូចនេះ App និងមានសារៈសំខាន់ទាំងសមត្ថកិច្ចទាំង អាជ្ញាធរអាចដឹងពីព័ត៌មាន ដែលប្រជាពលរដ្ឋបានបញ្ចូនមក ហើយប្រជាពលរដ្ឋក៏អាចមើលឃើញ ពីព័ត៌មានរបស់សមត្ថកិច្ច ឬអាជ្ញាធរបាន ឬក៏បានក្រើនរំលឹក ផ្ញើសារដាស់តឿននូវសារក្រើនរំលឹកដែលពាក់ព័ន្ធនឹងការអប់រំផ្សព្វផ្សាយ ជាមួយនឹងកិច្ចការងារផ្សេងៗ ដែលសមត្ថកិច្ចសម្រេចបាន លើកលែងតែកិច្ចការងារសម្ងាត់ដែលទាក់ទងទៅនឹងការបង្រ្កាបឧក្រឹដ្ឋជន ដែលមិនអាចប្រើជាសាធារណៈបាន។

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបន្ថែមទៀតថា សម្រាប់ App នេះ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងរៀបចំមន្រ្តីជំនាញ ប្រចាំការតាមវេន ២៤ ម៉ោងលើ២៤ម៉ោង ដើម្បីធ្វើការឆ្លើយតបចំពោះសារសម្ងាត់របស់ប្រជាពលរដ្ឋ ក្នុងការរាយការណ៍បន្តទៅអាជ្ញាធរពាក់ព័ន្ធ ដើម្បីត្រៀមកងកម្លាំង ចុះទៅស្រាវជ្រាវនៅតំបន់ដែលបានរាយការណ៍ និងចុះបង្រាប។

ទន្ទឹមនឹងនេះនាយឧត្តមសេនីយ៍ ក៏បានស្នើឱ្យប្រជាពលរដ្ឋ ទាញយក APPនេះ ចូលទៅក្នុងទូរស័ព្ទដៃរបស់ខ្លួន នៅពេលដែលអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ដាក់ឱ្យដំណើរការជាផ្លូវការនៅពេលខាងមុខ ដើម្បីចូលរួមចំណែកកាត់បន្ថយការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងប្រទេសកម្ពុជា ក្នុងការធានាឱ្យបានសុខមាលភាពរបស់ពលរដ្ឋ និងបង្កើនធនធានយុវជននៅក្នុងប្រទេសកម្ពុជាផងដែរ៕