(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងជំរុញដល់អាជ្ញាធរថ្នាក់ឃុំ-សង្កាត់ ត្រូវខិតខំផ្តល់សេវាជូនពលរដ្ឋឲ្យបានល្អប្រសើរទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជាពិសេសនោះ គឺសេវាតម្រូវការត្រូវធ្វើឲ្យបានលឿននឹងមានតម្លាភាពត្រឹមត្រូវ។
លោក រស់ ផារិទ្ធ តំណាងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានលើកឡើងយ៉ាងដូចនេះនាព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបាន អញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញ ស្ដីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន និងរបៀបប្រើប្រាស់សៀវភៅស្រង់ស្ថិតិ កំណើតអាពាហ៍ពិពាហ៍ មរណភាព និងលិខិតបទដ្ឋានគតិយុត្តថ្មីៗ ដោយមានការចូលរួមពីលោក យិន ម៉ារីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ ព្រមទាំងមានការចូលរួមពីលោក លោកស្រី មន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានសរុបចំនួន ២៨០នាក់។
លោក រស់ ផារិទ្ធ បានថ្លែងបន្តថា ការរៀបចំឲ្យមានវគ្គបណ្ដុះបណ្ដាលឡើងវិញនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងសមត្ថភាពមន្ត្រីឲ្យយល់ដឹងកាន់តែច្បាប់ ពីបែបបទនីតិវិធីនៃការអនុវត្តការងារអត្រានុកូលដ្ឋាន ឲ្យកាន់តែល្អប្រសើរថែមទៀត និងដើម្បីត្រួតពិនិត្យការអនុវត្តការងាររបស់មន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងមន្ត្រីទទួលបន្ទុកការងារអត្រានុកូលដ្ឋានថ្នាក់ខេត្ត ក្រុង ស្រុក។ ក្នុងនោះក៏មានគោលបំណងជំរុញឲ្យមន្ត្រីអនុវត្តទៅតាមតួនាទីភារកិច្ច និងអនុវត្តយ៉ាងម៉ឺងម៉ាត់ តាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ ម្យ៉ាងទៀតវគ្គបណ្ដុះបណ្ដាលនេះ ជាការសិក្សា ផ្ដល់នូវបទពិសោធន៍ និងការលើកឡើងពីបញ្ហាប្រឈមនានា និងសកម្មភាពការងារ ដែលសម្រេចបានក្នុងពេលអនុវត្តកន្លងមក។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានចំនួន៤ថ្ងៃ ចែកចេញជា ២វគ្គ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩៖ វគ្គទី១មាន ក្រុងស្វាយរៀង ស្រុករមាសហែក ស្រុកកំពង់រោទិ៍ និងស្រុកចន្ទ្រា។ វគ្គទី២មាន៖ ស្រុកស្វាយជ្រំ ស្រុកស្វាយទាប ស្រុករំដួល និងក្រុងបាវិត៕