(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានស្នើប្រទេសឡាវ ជួយសម្របសម្រួល និងពន្លឿនការបញ្ជូនអគ្គិសនីមកកាន់ប្រទេសកម្ពុជា ដោយអនុលោមតាមកិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានចុះហត្ថលេខា កាលពីកំលុងខែមីនា ឆ្នាំ២០១៩ ដើម្បីធានាស្ថិរភាពការប្រើប្រាស់វិស័យថាមពល នៅក្នុងប្រទេសកម្ពុជា។
លោករដ្ឋមន្ត្រី បានលើកសំណើនេះឡើងនាឱកាសជួបពិភាក្សាការងារទ្វេភាគីជាមួយ លោក អាំផាយ គីដាវង្ស (Amphay KIDAVONG) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃអង្គារ ទី២០ ខែសីហា ឆ្នាំ២០១៩នេះ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានថ្លែងអំណរគុណភាគីឡាវ ដែលបានឯកភាពជួយបំពេញតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងប្រទេស ខណៈដែលកម្ពុជាកំពុងសម្រុកសាងសង់រោងចក្រអគ្គិសនី ដើរដោយធ្យូងថ្ម ៧០០មេហ្កាវ៉ាត់ នៅខេត្តព្រះសីហនុ និងរោងចក្រដើរដោយពន្លឺព្រះអាទិត្យ ២៤០មេហ្កាវ៉ាត់ នៅខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងពោធិ៍សាត់ ដើម្បីដាក់ឱ្យដំណើរការជាបន្តបន្ទាប់នៅក្នុងឆ្នាំនេះ និងឆ្នាំក្រោយ។
«ក្រៅពីគម្រោងខាងលើ កម្ពុជាក៏បានទិញម៉ាស៊ីនភ្លើងធំៗចំនួនពីរ ពីប្រទេសហ្វាំងឡង់ និងអាល្លឺម៉ង់ ដើម្បីបង្ការមិនឱ្យមានបញ្ហាកង្វះអគ្គិសនីកើតឡើងឆ្នាំក្រោយ ហើយនៅថ្ងៃអនាគត បើសិនជាយើងមានថាមពលប្រើប្រាស់គ្រប់គ្រាន់ លើសពីតម្រូវការ យើងនឹងលក់ថាមពលអគ្គិសនី ដែលសល់ពីការប្រើប្រាស់ក្នុងស្រុក ទៅកាន់ប្រទេសសមាជិកអាស៊ានផងដែរ»។ លោក សូរស័ក្តិ បានគូសបញ្ជាក់។
បន្ថែមលើនោះទៀត លោករដ្ឋមន្ត្រី ក៏បានស្នើភាគីឡាវ ពិចារណាបើកជើងហោះហើរត្រង់មកកាន់កម្ពុជា និងជំរុញការដោះដូរទំនិញ និងសេវាកម្មដ៏មានសក្តានុពលផ្សេងៗ តាមរយៈព្រឹត្តិការណ៍ធុរកិច្ច និងពិព័រណ៍ពាណិជ្ជកម្មនានា ដើម្បីបង្កើនទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរ។
ជាការឆ្លើយតប លោក អាំផាយ គីដាវង្ស បានកោតសរសើរកំណើនសេដ្ឋកិច្ច និងវឌ្ឍនភាពដ៏ឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបានសន្យាជួយសម្របសម្រួលការបញ្ជូនថាមពលអគ្គិសនីពីប្រទេសឡាវ មកកាន់ប្រទេសកម្ពុជា ឱ្យបានទាន់ពេលវេលានៅក្នុងឆ្នាំក្រោយ ដើម្បីចូលរួមអភិវឌ្ឍន៍ សង្គមសេដ្ឋកិច្ច ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕