(ភ្នំពេញ)៖ រសៀលថ្ងៃចុងក្រោយ នៃការប្រឡងបាក់ឌុប ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានចាប់ផ្ដើមបន្ដទៀតហើយ នៅទូទាំងប្រទេស មុននឹងឈានដល់ការបិទបញ្ចប់ទាំងស្រុង នៃដំណើរការប្រឡង។
យោងតាមកាលវិភាគ មុខវិទ្យាចុងក្រោយនៅរសៀលនេះ ថ្នាក់វិទ្យាសាស្ដ្រ ប្រឡងគណិតវិទ្យា និងថ្នាក់វិទ្យាសាស្ដ្រសង្គម ប្រឡងអក្សរសាស្ដ្រខ្មែរ ចាប់ពីម៉ោង០២៖០០នាទី ដល់ម៉ោង០៤៖៣០នាទី។
ចំនួនបេក្ខជនអវត្តមាន នាពេលព្រឹកមិញនេះ ចំនួន១,៨១៨នាក់ ស្រី៦៩៦នាក់ ជាភាគរយ១.៥៥%។ បេក្ខជនមានបញ្ហាសុខភាពចំនួន៦៣ករណី ក្នុងនោះមិនអាចវិលត្រឡប់មកប្រឡងវិញ៣ករណី ចំណែកបេក្ខជនផ្សេងទៀតបន្តប្រឡងជាបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។
គួរជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន១២៧មណ្ឌល។
សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមផ្ទាល់ពីសំណាក់ បុគ្គលិកអប់រំសរុប ១៧,៤៣០នាក់ ក្នុងនោះរួមមាន អប្បមាទ៦០៦នាក់, ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់, អនុរក្ស១០៦៣១នាក់, ប្រធានមណ្ឌល២០២, គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល២,៤០៥នាក់៕