(ភ្នំពេញ)៖ សន្និសីទលើកទី៧ នៃគណៈកម្មការកិច្ចការបរទេសសភាកម្ពុជា ឡាវ និងវៀតណាម ដែលធ្វើឡើងនៅប្រទេសវៀតណាមថ្មីៗនេះ ក្រុមសភាកម្ពុជា-វៀតណាម-ឡាវ បានជជែកគ្នាយ៉ាងខ្លាំងក្លា លើបញ្ហាអភិវឌ្ឍន៍តំបន់ត្រីកោណ។
នេះបើតាម លោក ឈាង វុន តំណាងសភាកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទខាងលើនេះ បានប្រាប់ក្រុមអ្នកព័ត៌មានក្នុងដំណើរនិវត្តន៍មកប្រទេសកម្ពុជាវិញ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
លោក ឈាង វុន បានឱ្យដឹងថា នៅសន្និសីទ ភាគីទាំង៣ បានជជែកលើបញ្ហាការអភិវឌ្ឍតំបន់ត្រីកោណ ដែលតំបន់នេះ កម្ពុជាមានចំនួន៤ខេត្តគឺ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ចំណែកប្រទេសវៀតណាមមានចំនួន៥ខេត្ត និងប្រទេសឡាវមានចំនួន៤ខេត្ត។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ការងារប្រជុំរបស់យើង ក្នុងរយៈពេល២ថ្ងៃ ដែលការតស៊ូមតិ គឺផុសផុលណាស់ដែរ អញ្ចឹងលទ្ធផលហ្នឹងយើងសប្បាយចិត្ត ព្រោះយើងបានតស៊ូមតិដើម្បីការពារផលប្រយោជន៍ របស់ប្រទេសជាតិរបស់យើង»។
ពាក់ព័ន្ធនឹងការជជែកពិភាក្សាអំពីបញ្ហានៅតំបន់ត្រីកោណនេះ លោក ឈាង វុន បានអះអាងថា សភាកម្ពុជាស្នើដល់ភាគីឡាវ ឱ្យជួយទប់ស្កាត់ កុំឱ្យមានការនាំគ្រឿងញៀនចូលមកប្រទេសកម្ពុជា។ ព្រោះកន្លងទៅយើងបានចាប់ញឹកញាប់ នៅព្រំដែនខេត្តស្ទឹងត្រែង។ បញ្ហានេះកម្ពុជាកំពុងតែបង្ក្រាបទូទាំងប្រទេស។ កម្ពុជាខាតបង់ច្រើនដោយសារគ្រឿងញៀន។
ជាមួយគ្នានេះ សភាកម្ពុជាបានស្នើឱ្យវៀតណាម ទប់ស្កាត់កុំឱ្យមានការនាំឈើពីកម្ពុជា ចូលទៅកាន់ប្រទេសវៀតណាមផងដែរ។ បញ្ហាព្រៃឈើនេះកម្ពុជាបានធ្វើច្រើនហើយ ក្នុងយុទ្ធនាការដែលដឹកនាំដោយ នាយឧត្តសេនីយ៍ សៅ សុខា។ រឿងបំផ្លាញ់ព្រៃឈើនេះ ជនជាតិវៀតណាមក៏បានចូលរួមជួយបំផ្លាញព្រៃឈើកម្ពុជាដែរ ដែលរឿងនេះក៏មានការទទួលស្គាល់ និងលើកឡើងដោយ អនុរដ្ឋមន្រ្តីផែនការ និងអនុរដ្ឋមន្រ្តីការបរទេសវៀតណាមផងដែរ។ នេះបើតាមលោក ឈាង វុន៕