(កំពង់ចាម)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ ចាត់ឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម យកថវិកាប្រគល់ជូនបេក្ខជនប្រឡងបាក់ឌុប២នាក់ នៅមណ្ឌលឧត្តរ ខេត្តកំពង់ចាម ដែលមានជីវភាពក្រីក្រ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មានថា មានបេក្ខជនប្រឡង២នាក់ មានជីវភាពក្រីក្រ ហើយម្ដាយកំពុងឈឺត្រៀមវះកាត់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន បានចាត់ឲ្យលោកយកថវិកា និងអំណោយមួយចំនួនប្រគល់ជូន ដើម្បីដោះស្រាយជីវភាព។
លោកស្នងការបានបញ្ជាក់ សិស្សក្រីក្រទាំង២នាក់នេះ ទី១៖ ឈ្មោះ យេត សុខខេន រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្ទឹងត្រង់ និងទី២៖ ឈ្មោះ វេត ស្រីអ៊ាង រៀននៅថ្នាក់ទី១២A នៃវិទ្យាល័យមេសជ្រៃ ស្រុកស្ទឹងត្រង់។ បច្ចុប្បន្នសិស្សទាំង០២នាក់ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅមណ្ឌលប្រឡងបឋមសិក្សាឧត្តរ ក្នុងនោះសិស្សក្រីក្រទាំង០២នាក់ ទទួលបានថវិកាក្នុងម្នាក់ៗ ៤០ម៉ឺនរៀល និងទឹកក្រូច០១កេស និងមី០១កេសផងដែរ។
គួរជម្រាបថា រូបថតរបស់បេក្ខជនម្នាក់ ត្រូវបានគេចែកចាយក្នុងបណ្ដាញសង្គមជាមួយក្ដីអាណិតអាសូរ ដោយសារតែបេក្ខជនរូបនោះ មកប្រឡងបាក់ឌុប នៅមណ្ឌលឧត្ដរ ខេត្តកំពង់ចាម ប៉ុន្ដែគ្មានលុយសម្រាប់ទិញបាយហូបនោះឡើយ ដោយសារតែជីវភាពក្រីក្រ ហើយម្ដាយកំពុងសម្រាកព្យាបាលជំងឺ នៅពេទ្យដើម្បីត្រៀមវះកាត់ទៀតផង។
បេក្ខជនរូបនេះ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ដល់កម្លាំងចិត្តយ៉ាងច្រើនជាបន្ដបន្ទាប់ ពិសេសមហាជន ក៏បានអរគុណដល់ទឹកចិត្ត មន្ដ្រីនគរបាលពាក់ផ្កាយមួយម្នាក់ ដែលគេស្គាល់ថា ជាប្រធានសន្ដិសុខមណ្ឌលឧត្តរ ដែលបានផ្ដល់ថវិកាមួយចំនួនដល់បេក្ខជនរូបនោះ សម្រាប់ទិញបាយហូប នៅពេលមកប្រឡងបាក់ឌុប។
យ៉ាងណាក៏ដោយ គេមិនទាន់ដឹងថា បេក្ខជនខាងលើមានឈ្មោះអ្វីនោះទេ ហើយមានផ្ទះនៅទីតាំងនោះដែរ ប៉ុន្ដែមន្ដ្រីនគរបាល ដែលផ្ដល់ថវិកាដល់បេក្ខជននោះ សម្រាប់ទិញបាយហូប ត្រូវបានគេស្គាល់ថា ជាស្នងការរងទទួលផែនអន្ដោប្រវេសន៍ ខេត្តកំពង់ចាម ឈ្មោះឧត្តមសេនីយ៍ត្រី សិត សិលា។
ម្ចាស់គណនី Facebook ម្នាក់ឈ្មោះ «Chhay Ly» បានបង្ហោះសារយ៉ាងដូច្នេះថា «សូមកោតសរសើរដល់ទឹកចិត្ត លោកស្នងការរងផែនអន្តោប្រវេសន៍ ខេត្តកំពង់ចាម ដែលលោកបានជួយឧបត្ថម្ភថវិកាបន្តិចបន្តួច ដល់បេក្ខជនដែលមកប្រឡង នៅមណ្ឌលឧត្តរ ដែលគាត់មកប្រឡងនេះ មិនមានលុយកាក់សម្រាប់ញុំាបាយ ឬក៏ចាយវាយអ្វីទេ ហើយម្តាយគាត់កំពុងធ្វើការវះកាត់នៅមន្ទីរពេទ្យទៀត គាត់រំភើបចិត្តឡើងស្រក់ទឹកភ្នែក អារម្មណ៍មួយគិតគ្រួសារ មួយទៀតគិតពីក្តីបំណងរបស់អ្នកមានគុណ»។
សូមបញ្ជាក់ថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន១២៧មណ្ឌល៕