(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានស.ស.យ.ក ខណ្ឌឫស្សីកែវ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ បានចាត់ឲ្យលោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ដែលជាអនុប្រធានកិត្តិយសអនុសាខាខណ្ឌ រួមដំណើរដោយអនុប្រធានសមាគមគឺ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ និងសហការី ជាសមាជិកាក្រុមប្រឹក្សាខណ្ឌ និងនារីសង្កាត់ច្រើនរូបទៀត នាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ដើម្បីចុះសំណេះសំណាល សួរសុខទុក្ខឧបត្ថម្ភជូន ប្រជាពលរដ្ឋងាយរងគ្រោះ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅភូមិលូ សង្កាត់ស្វាយប៉ាក បន្ទាប់ពីបញ្ចប់ការសួរសុខទុក្ខ និងឧបត្ថម្ភជូនភរិយាប្រធានយុវជន ស.ស.យ.ក សង្កាត់ច្រាំងចំរេះទី១ ទើបសម្រាលបានកូនស្រីនៅគេហដ្ឋាន។
បន្ថែមពីនេះ លោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងជាប្រធាន-អនុប្រធាន សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ បានឆ្លៀតឱកាសសម្រេចរៀបចំបញ្ជូនលោកស្រីមេ៥០ខ្នងម្នាក់ នៅសង្កាត់ច្រាំងចំរេះទី២ ដែលមានជំងឺធ្លាក់ឈាមឲ្យទៅពិនិត្យព្យាបាលសុខភាព ក្រោយពីទទួលបានដំណឹងភ្លាមៗ និងមានកិច្ចសហការល្អយ៉ាងស្អិតរមួតពីលោកគ្រូ អ្នកគ្រូ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩។
លើកឡើងនាឱកាសឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកានាពេលនេះ ក្រៅពីជូនពរភរិយាប្រធានយុវជន ស.ស.យ.ក សង្កាត់ច្រាំងចំរេះទី១ ទើបសម្រាលបានកូនស្រី និងលោកស្រី មេ៥០ខ្នង សង្កាត់ច្រាំងចំរេះទី២ ដែលមានជំងឺធ្លាក់ឈាម ឲ្យទៅពិនិត្យព្យាបាលសុខភាព នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ រួមជាមួយប្រជាពលរដ្ឋ ងាយរងគ្រោះទាំងអស់ ខំថែទាំសុខភាពឲ្យបានល្អប្រសើរ ត្រូវហូបស្អាត ផឹកស្អាត ពោលគឺការរស់នៅស្អាតជានិច្ច ជៀសវាងឆ្លងជំងឺដង្កាត់ផ្សេងៗ។
លោកស្រី អាន ផល្លា ជា ពិសី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខ របស់ប្រជាពលរដ្ឋក្រីក្រ តាមជាក់ស្ដែងព្រោះនៅទីណាឲ្យតែមានប្រជាពលរដ្ឋ ងាយរងគ្រោះ ទីនោះតែងតែមានវត្តមានកាកបាទក្រហមកម្ពុជា មកជួយសង្គ្រោះជានិច្ច បើទោះបីជាអំណោយមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃបានមួយគ្រា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕