(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានណែនាំទៅកាន់ប្អូនៗសិស្សថា កុំបង្ខំ សូមពិនិត្យផ្ទៀងផ្ទាត់, ធ្វើឲ្យពេញម៉ោងគ្រប់វិញ្ញាសា, ដណ្តើមឲ្យបាននិទ្ទេស A ជាមុខមាត់របស់ខេត្តកំពង់ស្ពឺ ហើយម៉ូតូជាច្រើនគ្រឿងរងចាំប្អូនៗហើយ។

ការលើកឡើងនេះបានធ្វើឡើងគ្រាដែលលោក វ៉ី សំណាង អញ្ជើញជាអធិបតីកាត់កញ្ចប់វិញ្ញាសា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងសំណេះសំណាលជាមួយបេក្ខជន នាសម័យប្រឡងថ្ងៃទី២ និងជាថ្ងៃបញ្ចប់ នៅមណ្ឌលវិទ្យាល័យកំពង់ស្ពឺព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩។

ក្នុងឱកាសនោះ លោក វ៉ី សំណាង បានទៅដល់វិទ្យាល័យកំពង់ស្ពឺ មុនម៉ោងប្រឡង និងបានជួបសំណេះសំណាល ជាមួយប្អូនៗជាបេក្ខជន និងបានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់ ត្រូវខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ធ្វើឲ្យបានរួចរាល់លើគ្រប់វិញ្ញាសា ដោយត្រូវគោរពឲ្យបានខ្ជាប់ខ្ជួន នូវបទប្បញ្ញត្តិ និងបទបញ្ជាផ្ទៃក្នុងនៃការប្រលង។

ទន្ទឹមនឹងនោះដែរលោកអភិបាលខេត្ត ក៏បានជូនពរដល់សិស្សានុសិស្សទាំងអស់ ឲ្យទទួលបានលទ្ធផលជោគជ័យ និងទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា ក្នុងសម័យប្រលងឆ្នាំសិក្សា ២០១៨-២០១៩នេះ ត្រៀមរង្វាន់សម្រាប់ផ្ដល់ជូន សិស្សានុសិស្ស ដែលទទួលបាននិទ្ទេសល្អប្រសើរផងដែរ៕