(រតនគិរី)៖ កម្លាំងអាវុធហត្ថស្រុកអូរយ៉ាដាវ នៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានដេញបង្ក្រាបរថយន្ត០១គ្រឿង ដែលដឹកឈើល្មើសជារើយៗ កាត់តាមចំការកៅស៊ូ ឆ្ពោះចេញឃុំកិចុង សំដៅទៅភូមិសោមគល់ ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្ដរតនគិរី។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាក់ថា ប្រតិបត្តិការនៅយប់មិញនេះ កម្លាំងជំនាញចុះពួនស្ទាក់ ចាប់នៅចំណុចភូមិឡែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ពេលនោះរថយន្តជនសង្ស័យ មិនឲ្យកម្លាំងសមត្ថកិច្ចចាប់ដោយងាយៗស្រួលនោះទេ ដោយកម្លាំងបានបើកដេញចាប់ប្រផាប់ប្រភីង ក្នុងចំការរបស់ប្រជាពលរដ្ឋ។
បន្ទាប់មករថយន្តជនសង្ស័យ ក៏បានបើកត្រឡប់បកទៅក្រោយវិញ តាមផ្លូវលំរហូតមកដល់ចំណុចឃុំកិចុង ហើយរថយន្តជនសង្ស័យ បានបែកកង់ទៅមុខមិនរួច ក៏បត់រថយន្តចូលក្នុងចំការកៅស៊ូ ជនសង្ស័យក៏បើកទ្វាររថយន្តរត់គេចខ្លួនចូលក្នុងចំការកៅស៊ូបាត់។ បច្ចុប្បន្នវត្ថុតាងខាងលើ បានយកមករក្សាទុកនៅមូលដ្ឋានកងរាជងអាវុធហត្ថស្រុកអូរយ៉ាដាវ ដើម្បីចាត់ការទៅតាមនីតិវិធី៕