(ភ្នំពេញ)៖ ដំណើរការសំណេរព្រឹកថ្ងៃទី២ បានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពកើតឡើង ភាពមិនប្រក្រតីណាមួយគួរឲ្យកត់សម្គាល់ឡើយ។ នេះបើតាមការឲ្យដឹងពីក្រសួងអប់រំ យុវជន និងកីឡា តាមរយៈទំព័រ Facebook។
ក្រសួងបានបញ្ជាក់ទៀតថា បើទោះបីមានភ្លៀងធ្លាក់នៅតាមមណ្ឌលមួយចំនួន ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង រតនគិរី និងកោះកុង ប៉ុន្តែដំណើរការសំណេរនៅតែ មានដំណើរការល្អ មានសភាព ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ដោយមានការយកចិត្តទុកដាក់ និងទំនួលខុសត្រូវខ្ពស់ពី គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទទូទាំងប្រទេស ប្រធាន អនុប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការត្រួតពិនិត្យអគារ គណៈកម្មការអនុរក្ស ដោយមានការចូលរួមសហការដោយ សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
បើតាមក្រសួងអប់រំ យុវជន និងកីឡា បេក្ខជនប្រឡងទាំងអស់ បានគោរពបទបញ្ញត្តិនៃការប្រឡងបានយ៉ាងល្អ និងប្រឹងប្រែង ក្នុងការធ្វើកិច្ចការតាម សមត្ថភាពរៀងៗខ្លួន ដោយគ្មានយកសំណៅ ឯកសារ ឬឧបករណ៍អេឡិចត្រូនិក ចូលក្នុងមណ្ឌលប្រឡងឡើយ។ ក្នុងដំណើរការសំណេរនាព្រឹកថ្ងៃទី២នេះ មានពីរមុខវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ (អក្សរសាស្ត្រខ្មែរ និងរូបវិទ្យា) និងសម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម (គណិតវិទ្យា និងសីលធម៌ ពលរដ្ឋវិជ្ជា)។
ចំនួនបេក្ខជនអវត្តមាន នាពេលព្រឹក ចំនួន១,៨១៨នាក់ ស្រី៦៩៦នាក់ ជាភាគរយ១.៥៥%។ បេក្ខជនមានបញ្ហាសុខភាពចំនួន៦៣ករណី ក្នុងនោះមិនអាចវិលត្រឡប់មកប្រឡងវិញ៣ករណី ចំណែកបេក្ខជនផ្សេងទៀតបន្តប្រឡងជាបន្តទៀតបាន បន្ទាប់ពីទទួលបានការសង្គ្រោះបឋម។
អ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា បានលើកឡើងថា ដូច៥ឆ្នាំកន្លងមក កម្រិតជោគជ័យក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ពឹងផ្នែកលើកិច្ចសហការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។
យោងលើគោលការណ៍ច្បាប់ យុត្តិធ៌ម តម្លាភាព និងលទ្ធផលទទួលយកបាន ក្រសួងអប់រំ យុវជន និងកីឡា បានបន្តទទួលកិច្ចសហការជិតស្និទ្ធ ពីសំណាក់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធមន្ដ្រីសុខាភិបាល កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពប្រឆាំងអំពើពុករលួយ និងសហភាពសហព័ន្ធយុវជនកម្ពុជា។
គួរជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន១២៧មណ្ឌល។
សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមផ្ទាល់ពីសំណាក់ បុគ្គលិកអប់រំសរុប ១៧,៤៣០នាក់ ក្នុងនោះរួមមាន អប្បមាទ៦០៦នាក់, ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់, អនុរក្ស១០៦៣១នាក់, ប្រធានមណ្ឌល២០២, គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល២,៤០៥នាក់៕