(ភ្នំពេញ)៖ លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩នេះ បានដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខលោកតា ប៊ូ ថង សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត។
ក្នុងឱកាសនេះ លោករដ្ឋមន្រ្តីបានសម្តែងនូវការនឹករលឹកចំពោះលោកព្រឹទ្ធាចារ្យ ប៊ូ ថង ជាឥស្សរជនមួយរូប ដែលមួយជីវិតរបស់លោកបានលះបង់កម្លាំងកាយកម្លាំងចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិកម្ពុជា ដោយពុំខ្លាចនឿយហត់។
លោកក៏បានជូនពរលោកតា ប៊ូ ថង សូមឱ្យមានសុខភាពល្អឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយ និងមានជន្មាយុយឺនយូរ ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។
លោកតា ប៊ូ ថង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោករដ្ឋមន្រ្តី និងប្រតិភូ ដែលបានឆ្លៀតឱកាសដ៏មមាញឹកអញ្ជើញមកសួរសុខទុក្ខរូបលោកដល់មន្ទីរពេទ្យ ដែលនេះសបញ្ជាក់ឱ្យឃើញពីទឹកចិត្តគោរពស្រឡាញ់គ្នាទៅវិញទៅមក៕