(តាកែវ)៖ សំណង់ខុសច្បាប់ ២កន្លែង នៅលើខ្នងប្រឡាយនៅក្នុងភូមិចុងថ្នល់ សង្កាត់បារាយ៍ ក្រុងដូនកែវ ខេត្តតាកែវ កំពុងតែបន្តលួចធ្វើការសាងសង់ បើទោះបីជាកន្លងមក អាជ្ញាធរក្រុងដូនកែវ ដឹកនាំដោយលោក ប៉ាន ភារៈ ជាអភិបាលរងក្រុង បានដឹកនាំមន្រី្ដជំនាញ ចុះហាមឃាត់ និងធ្វើកិច្ចសន្យាជាមួយម្ចាស់សំណង់ឲ្យផ្អាកការសាងសង់ជាបណ្ដោះអាសន្ន យ៉ាងណាក៏ដោយ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅភូមិចុងថ្នល់ បានលួចបង្ហើបឲ្យដឹងថា ការលួចសាងសង់សំណង់ ដែលគ្មានច្បាប់អនុញ្ញាតនេះ មិនអាចដំណើរការទៅបានទេ បើគ្មានការអនុញ្ញាតពីអាជ្ញាធរសង្កាត់ ជាពិសេសអាជ្ញាធរក្រុងដូនកែវតែម្ដង។
កាលពីពេលកន្លងទៅ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានបញ្ជាឲ្យអាជ្ញាធរក្រុងដូនកែវ ចុះមកទប់ស្កាត់សំណង់ខុសច្បាប់ ដែលសាងសង់ជិតរូចរាល់ហើយនោះ ប៉ុន្តែរហូតមកដល់ពេលនេះ ម្ចាស់សំណង់នៅបន្តសាងសង់ដដែល។
ពាក់ព័ន្ធទៅនិងការសង់សំណង់ខុសច្បាប់នេះ លោក ប៉ាន់ ភារៈ អភិបាលរងក្រុងដូនកែវ បានថ្លែងប្រាប់ Fresh News ថា កន្លងមកអាជ្ញាធរក្រុង បានចុះផ្អាកការសាងសង់សំណង់ខុសច្បាប់នេះ ម្ដងមកហើយ ហើយអាជ្ញាធរ ក៏បានឲ្យម្ចាស់សំណង់ធ្វើកិច្ចសន្យា ផ្អាកការសាងសង់ដែរ ដូច្នេះប្រសិនបើម្ចាស់សំណង់នៅតែលួចសាងសង់ លោកនឹងឆ្លងយោបល់ទៅលោកអភិបាលក្រុង ដើម្បីមានវិធានការណ៍បន្តទៅទៀត។
ទាក់ទងទៅនិងការសាងសង់សំណង់ខុសច្បាប់នេះដែរ លោក ហ៊ួត ប៊ុនលីម ប្រធានការិយាល័យសូរិយោដី ក្រុងដូនកែវ បានថ្លែងថា សំណង់ខុសច្បាប់ដែលសង់លើប្រឡាយទឹកនេះ គឺមិនមានច្បាប់អនុញ្ញាតនោះទេ ហើយមន្រ្តីសូរិយាដីរបស់លោក រួមនិងអាជ្ញាធរក្រុង បានចុះទៅទប់ស្កាត់ចំនួន ២ដងរួចមកហើយ ហើយបើនៅតែបន្តលួចសាងសង់អាជ្ញាធរ និងចុះទៅរឹបអូសសម្ភាររបស់ក្រុមជាង ហើយអាជ្ញាធរ និងរាយការណ៍ទៅថ្នាក់លើ ដើម្បីមានវិធានការណ៍បន្តទៀត។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តតាកែវ កាលពីចុងសប្ដាហ៍កន្លងទៅនេះ លោក អ៊ូច ភា បានរិះគន់ទៅលើអាជ្ញាធរក្រុងដូនកែវ ដែលគ្រប់គ្រងដោយលោក កង អាណាន់ ជាអភិបាលក្រុងវ័យក្មេង ថា អសម្ថភាពក្នុងការងារដឹកនាំ និងគ្រប់គ្រងដោយមិនបានធ្វើអីសោះ ទាល់តែមានការផ្សព្វផ្សាយរិះគន់ តាមបណ្ដាញសង្គមហ្វេសប៊ុក ឬទាល់តែមានការចុះកាសែតប៉ះពាល់ ដល់អាជ្ញាធក្រុងដូនកែវ ទើបឃើញមុខចៅហ្វាយក្រុង ចុះទៅមើលឬធ្វើសកម្មភាព ៕