(ភ្នំពេញ)៖ ទន្ទឹមនឹងការពេញចិត្តជាមួយកំណែទម្រង់លើការប្រឡងមធ្យមសិក្សាទុតិយភូមិកាន់តែតឹងរឹងនោះ អាណាព្យាបាលរបស់សិស្សក៏ចង់ឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន យកចិត្តទុកដាក់ឱ្យបានខ្ពស់បន្ថែមទៀតទៅលើដំណើរការកែសំណេររបស់សិស្ស។
លោក សឿង សៀវម៉េង ដែលជាឪពុករបស់បេក្ខជនប្រឡងមួយរូប នៅមណ្ឌលវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងថា ការកែលើសំណេររបស់សិស្សជារឿងសំខាន់មួយ ដែលលោកចង់ឱ្យអ្នកកែសំណេរទាំងអស់មានការយកចិត្តទុកដាក់ឱ្យបានខ្ពស់ និងវិនិច្ឆ័យឱ្យបានល្អិតល្អន់មុនដាក់ពិន្ទុ។
អាណាព្យាបាលរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «ចំពោះការកែសំណេរ ការកែសូមឲ្យអ្នកកែប្រយ័ត្នបន្ដិចកុំមានលើកទី២ទៀត ព្រោះកាលពីឆ្នាំ២០១៨ មានបញ្ហាធ្វើឲ្យនិស្សិតទាំងអស់បុកពោះ ហើយគ្នាសុទ្ធតែមានចំណេះដឹងពិតប្រាកដ ហើយគ្នាទៅជាធ្លាក់។ គួរតែប្រយ័ត្នបន្ដិចគ្រប់មុខវិទ្យាទាំងអស់»។
យ៉ាងណាក៏ដោយ លោកបានបង្ហាញក្ដីសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា ពិសេសគ្រូៗ ដែលអ្នកកែវិញ្ញាសាសិស្ស នឹងមិនធ្វើឲ្យមានកំហុសឆ្គងនេះ ជាលើកទី២នោះឡើយ។
សូមរំលឹកថា លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានអះអាងថា ដំណើរការបូកពិន្ទុប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ (បាក់ឌុប) សម្រាប់ឆ្នាំ២០១៩នេះ នឹងត្រូវធ្វើឡើងដោយប្រើប្រាស់ប្រព័ន្ធបូកចំនួនពីរប្រភេទ ដើម្បីធានាកុំឲ្យមានកំហុសឆ្គងលើបញ្ហានេះ ដូចកាលពីឆ្នាំកន្លងទៅ។
ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងឱកាសអញ្ជើញបើកវិញ្ញាសារប្រឡង នៅមណ្ឌលប្រឡងវិទ្យាល័យ ព្រះស៊ីសុវត្ថិ នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ លោករដ្ឋមន្ដ្រីក្រសួងអប់រំ បានគូសបញ្ជាក់ទៀតថា មុននឹងធ្វើការប្រកាសលទ្ធផលជាផ្លូវការ ក្រសួងនឹងវិភាគពិន្ទុទាំងអស់នោះ ឲ្យបានល្អិតល្អន់ទើបប្រជុំសម្រេច ប្រកាសលទ្ធផលតាមក្រោយ។
គួរជម្រាបថា បេក្ខជនប្រឡងឆ្នាំនេះ មានចំនួន១១៧,០៤៣នាក់ ស្រី៦០,៤២៧នាក់ មាន២០២មណ្ឌល ចែកជាថ្នាក់វិទ្យាសាស្ត្រ មានបេក្ខជនចំនួន៤៤,៦៩០នាក់ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជនចំនួន៧២,៣៥៣នាក់ មាន១២៧មណ្ឌល។
សម្រាប់ការត្រួតពិនិត្យមណ្ឌលប្រឡង និងបន្ទប់ប្រឡង រួមទាំងការគ្រប់គ្រងទូទៅ ក្រសួងអប់រំ យុវជន និងកីឡា មានការចូលរួមផ្ទាល់ពីសំណាក់ បុគ្គលិកអប់រំសរុប ១៧,៤៣០នាក់ ក្នុងនោះរួមមាន អប្បមាទ៦០៦នាក់, ជំនួយការអប្បមាទ (គរុនិសិ្សត) ២,៤០៥នាក់, អនុរក្ស១០៦៣១នាក់, ប្រធានមណ្ឌល២០២, គណៈកម្មការត្រួតពិនិត្យតាមអគារ១,១៨១នាក់ និងគណៈកម្មការកណ្តាល២,៤០៥នាក់។
សម្រាប់ការប្រឡងនេះ ក្រសួងអប់រំ យុវជន និងកីឡា ចំណាយថវិកាប្រមាណ៥លានដុល្លារសហរដ្ឋអាមេរិក សម្រាប់ធ្វើការឧបត្ថម្ភជូនបុគ្គលិកអប់រំជិត២ម៉ឺននាក់ និងការចំណាយពាក់ព័ន្ធផ្សេង នៃការរៀបចំ និងគ្រប់គ្រងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះ៕