(រតនគិរី)៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ សពនាយឧត្តមសេនីយ៍ ស៊ើយ កែវ សមាជិកព្រឹទ្ធសភា។
ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន ទេសរដ្ឋមន្ត្រី បានសម្តែងនូវសេចក្តីសោកស្តាយជាពន់ពេក និងក្តុកក្តួលឥតឧបមា ចំពោះការបាត់បង់នាយឧត្តមសេនីយ៍ និងសូមចូលរួមរំលែកសមានទុក្ខយ៉ាងក្រៀមក្រំបំផុតជាមួយលោកជំទាវ ខាំ សាដៃ ស៊ើយ កែវ និងក្រុមគ្រួសារ។
ជាមួយគ្នានេះ ការបាត់បង់របស់នាយឧត្តមសេនីយ៍ ស៊ើយ កែវ គឺជាការបាត់បង់វីរជនស្នេហាជាតិដ៏ឧត្តុងឧត្តម ដែលបានលះបង់ប្រាជ្ញា ស្មារតី កម្លាំងកាយចិត្ត និងហ៊ានបូជាជីវិត ក្នុងបុព្វហេតុតស៊ូរំដោះ ប្រទេសជាតិ ប្រជាជនកម្ពុជា ចេញពីរបបប្រល័យពូជសាសន៍ជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជា ជាពិសេសចូលរួមយ៉ាងសកម្មជាមួយស្ថាប័ននីតិប្បញ្ញត្តិ ក្នុងការកសាងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្លាយជានីតិរដ្ឋ។
ទេសរដ្ឋមន្រ្តី ក្នុងនាមថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក អាជ្ញាធរមីន បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសព នាយឧត្តមសេនីយ៍ ស៊ើយ កែវ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕