(ភ្នំពេញ)៖ ក្រុមហ៊ុន Westline Education Group បានសហការជាមួយក្រុមហ៊ុន Koompi Co., Ltd ដើម្បីបង្កើត «ក្លឹបអ្នកសិក្សាវ័យក្មេង» ក្នុងគោលបំណងលើកស្ទួយ និងជំរុញផ្នែកវិទ្យាសាស្ត្រនៅកម្ពុជា តាមរយៈកុមារឱ្យកាន់តែមានការរីកចម្រើនជាងមុន។
លោក ប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន Westline Education Group បានថ្លែងថា មូលហេតុដែល Westline សហការជាមួយ Koompi ក្នុងការបង្កើត «ក្លឹបអ្នកសិក្សាវ័យក្មេង» នេះឡើង គឺដើម្បីបង្កើនកិច្ចសហប្រតិបត្តិការជាមួយគ្នា ដើម្បីឱ្យគម្ពីបង្ហាត់សិស្សនៅវេសឡាញនេះ ធ្វើឱ្យសិស្សមានឱកាសក្នុងការរៀន និងស្រាវជ្រាវវិទ្យាសាស្ត្រផ្សេងៗទៀត។ លោកនិយាយថា កិច្ចសហប្រតិបត្តិការនេះ គឺជាការសម្ពោធបឋមមួយ ក្នុងការចាប់ផ្តើមបើកក្លឹបអ្នកវិទ្យាសាស្ត្រវ័យក្មេង។
លោក ប៉ិច បូឡែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «យើងសហការជាមួយគម្ពី ហើយសិស្សរបស់យើង កំពុងសប្បាយរីករាយ ព្រោះនេះជាកម្មវិធីបន្ថែម ដែលយើងបានដាក់ ក្នុងសាលាវេសឡាញរបស់យើង។ យើងចាប់ផ្តើមនៅក្នុងសាខាដូនពេញ ប៉ុន្តែយើងនឹងសិក្សាសាខាដទៃទៀត ក្នុងវេសឡាញទាំងមូលតែម្តង ដើម្បីឱ្យសិស្សរៀន Typing, Word, Excel ...ប៉ុន្តែនេះលើសពីហ្នឹង យើងចង់ឃើញកុមាររបស់យើង គាត់អាចធ្វើអ្វីបានខ្លះ ជាពិសេសយើងដឹងហើយថា កុមារ ឬយុវជនយើង ឲ្យតែយើងឲ្យឱកាស ចំណេះដឹង និងសក្តានុពលរបស់គាត់ អត់មានព្រំដែនទេ យើងពិបាកស្មានដល់ណាស់»។
បើតាមប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន បានបន្ថែមថា តាមរយៈការសហការជាមួយនឹងគម្ពី វាដូចជាទម្រង់មួយ ដែលអាចសិស្សវេសឡាញ បញ្ចេញឱ្យអស់នូវសក្តានុពលរបស់សិស្ស ហើយសិស្សនឹងធ្វើបាន នូវសមិទ្ធផលណាមួយ ដែលគេមិននឹកស្មានដល់ផង ព្រោះថាគម្ពីមានស្នាដៃល្អ។ ហេតុនេះហើយ បានជាវេសឡាញ ចង់ឱ្យគម្ពីបណ្តុះបណ្តាលសិស្សខ្លួន ដែលអាចមួយរយៈកាលក្រោយទៅ នឹងទទួលបានលទ្ធផលល្អណាមួយ ដើម្បីប្រយោជន៍សង្គមជាតិមិនខានឡើយ។
លោកបន្តថា «ខ្ញុំជឿជាក់តែម្តងថា គាត់នឹងចាប់អារម្មណ៍ ដំបូងបំផុតចំណាប់អារម្មណ៍ និងវិទ្យាសាស្ត្រ ព្រោះស្រុកយើងត្រូវការ អ្នកវិទ្យាសាស្ត្រច្រើនណាស់ ត្រូវការអ្នកបង្កើតកម្មវិធី ត្រូវការអ្នកសរសេរ Code ក៏ច្រើនដែរ, ចំណេះដឹងផ្នែក IT គេត្រូវការគ្រប់វិស័យទាំងអស់...។ យើងជឿថា ២ឆ្នាំយ៉ាងយូរ នឹងចេញផ្លែផ្កាអ្វីមួយហើយ ឆន្ទៈដែលគាត់ស្រលាញ់ នឹងឃើញមកភ្លាមៗហើយ ព្រោះពាក់ព័ន្ធនឹងបច្ចេកវិទ្យានេះ សេដ្ឋកិច្ចយើងអាចដើរក្រោយប្រទេសដទៃ ប៉ុន្តែបច្ចេកវិទ្យាយើងអាចលោតទន្ទឹមគេបាន អាហ្នឹងវាជាផ្នែកដ៏ល្អ»។
ជាមួយគ្នានេះដែរ លោក ធុល រិទ្ធី សហស្ថាបនិកនៃក្រុមហ៊ុន Koompi Co., Ltd បានថ្លែងថា មូលហេតុដែលលោកចង់សហការ ជាមួយវេសឡាញ ព្រោះលោកចាប់អារម្មណ៍យូរហើយ ជាមួយទស្សនវិស័យ ចង់ឃើញក្មេងៗជំនាន់ក្រោយ មានចំណេះដឹងជឿនលឿន ហើយសិស្សរៀននៅសាលាវេសឡាញក៏ច្រើន។ លោកបន្តថា សហការជាមួយវេសឡាញ គឺជាមួយគោលដៅរបស់គម្ពី ដែលបង្កើតកុំព្យូទ័រនេះឡើង ដើម្បីឱ្យសិស្សទាំងអស់ មានកុំព្យូទ័រនៅក្នុងដៃ ដែលមានចំណេះដឹងដ៏ល្អយ៉ាងច្រើន។
លោក ធុល រិទ្ធី បានថ្លែងទៀតថា បេសកកម្មរបស់លោក ចង់ឃើញយុវជនជំនាន់ក្រោយ ក្លាយជាវិស្វករ និងអ្នកស្រាវជ្រាវ រកឃើញរបបគំហើយផ្សេងៗ ជាអ្នកដោះស្រាយបញ្ហាថ្មីៗ ដែលគេអត់អាចមើលឃើញ ក្នុងរយៈពេល៣ ទៅ៥ឆ្នាំខាងមុខ ពោលគេមិនអាចដឹងបានទេថា នឹងមានជំងឺអី្វចេញមកនោះទេ។ លោករំពឹងថា បន្ទាប់ពីមានការបង្រៀនសិស្ស នៅក្នុងក្លឹបអ្នកសិក្សាវ័យក្មេង កម្ពុជាប្រាកដជាមានអ្នកជំនាញខាងកុំព្យូរទ័រ ជួយដោះស្រាយបញ្ហានានាបាន ពាក់ព័ន្ធនឹងកុំព្យូរទ័រ គឺលែងពឹងពាក់បរទេសបន្តទៀតហើយ។
«រាល់ដងពេលមានជំងឺអី្វចេញមក យើងតែងតែពឹងអ្នកខាងក្រៅឱ្យគេជួយ ហើយទម្រាំតែគេមក យើងខាតបង់ច្រើនណាស់។ ស្អីៗយើងអត់អាចមើលឃើញទេ នៅថ្ងៃអនាគត ឱកាសនេះអាចជាឱកាសមួយ ជួយផ្តល់និងផ្ទេរតិចណូឡូជី (បច្ចេកវិទ្យា) ឱ្យទៅក្មេងៗជំនាន់ក្រោយ ហើយសង្ឈឹមថា ពួកគាត់នឹងជួយពួកយើងបានច្រើន»។ នេះជាការបញ្ជាក់បន្ថែមពី សហស្ថាបនិក នៃក្រុមហ៊ុន Koompi ៕