(សៀមរាប)៖ ជនជាតិបរទេសពីរនាក់ ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ធ្វើការឃាត់ខ្លួន ក្រោយពួកគេមានជាប់ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
របាយការណ៍របស់ស្នងការនគរបាលខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានឲ្យដឹងថា ជនជាតិបរទេសទាំងពីរនាក់នេះ ត្រូវបានចាប់ខ្លួននៅយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩ ដោយកម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយកម្លាំង ការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន នៅចំណុចបន្ទប់លេខ ២០៦ ផ្ទះសំណាក់ហ្គាស៊ី ស្ថិតនៅភូមិ ស្ទឹងថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។
ជនបរទេសទាំងពីរនាក់នេះ ទី១៖ឈ្មោះ COMERCI ERIC ជនជាតិ អាហ្សង់ទីន កាន់លិខិតឆ្លងដែនលេខ AAB៣០៨៨៣៣ មុខរបរគ្មាន ស្នាក់នៅផ្ទះសំណាក់ខាងលើ និងទី២៖ឈ្មោះ GUNDEL SEJR DONALD ជនជាតិដាណឺម៉ាក កាន់លិខិតឆ្លងដែនលេខ ២០៧១១៧៦៧៥ ជាភ្ញៀវទេសចរ ស្នាក់នៅផ្ទះសំណាក់ខាងលើ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចជំនាញដកហូតបាន ម្សៅក្រាមពណ៌ស មួយកញ្ចប់តូច និងឧបករណ៍សម្រាប់ជក់។ បច្ចុប្បន្នជនបរទេសទាំងពីរនាក់ ត្រូវបានលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប សម្រេចឲ្យឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាលប្រឆាំងគ្រឿងញៀន ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕